លោកតា លោកយាយចាស់ជរា គ្មានទីពឹង ក្នុងខេត្តប៉ៃលិន បន្តទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរា របស់លោកជំទាវ បាន ស្រីមុំ អ៉ី ឈាន

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកស្រី ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន ស ស យ ក យុវជនកាកបាទក្រហម និង ក្រុមការងារមូលនីធិ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកយាយ ចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែកញ្ញា ពីក្រុមការងាររបស់មូលនិធិ ។

លោក សៅ សារ៉ាត់ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រី ប្រធានមូលនីធិ ជូនដល់លោក យាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវ
បាន ស្រីមុំ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ។

ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍លើកឡើងពី អត្ថប្រយោជន៍ដ៏មហាសាល របស់ព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្ដើមដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

លោក ក៍បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ពុំមែនជាការកាត់ដី ឬដាក់រួមគ្នា ដូចក្រុមប្រឆាំងជ្រុលនិយម បានបំភ្លៃនោះឡើយ ។ ជាមួយគ្នានេះឯកឧត្តម ក៍បានអំពាវនាវដល់លោកយាយ លោកតា ទាំងអស់ សូមចូលរួមផ្សព្វផ្សាយនិងពន្យល់បន្ត ដល់បងប្អូន កូនចៅ និងអ្នកជុំវិញខ្លួន ឱ្យបានស្វែងយល់កាន់តែច្បាស់ និងជៀសផុត ពីការបោក បញ្ឆោត របស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព និងកេងផលចំណេញពីបងប្អូនប្រជាពលរដ្ឋយើង។

ឯកឧត្តម សៅ សារ៉ាត់ ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ រាជដ្ឋាភិបាលកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយមានការកសាងនូវសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស ដែលសម្រួលដល់ការបង្ករបង្កើនផល ចិញ្ចឹមសត្វ ការធ្វើដំណើរ ការដឹកជញ្ជូន សព្វបែបយ៉ាង ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរបស់ពលរដ្ឋមានការរីកចំរើនជាលំដាប់។

លោកតា លោកយាយ ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវ  បណ្ឌិត បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា តែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាលមួយកម្រឹតធំ ។

សូមបញ្ជាក់ថា៖ មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវ បណ្ឌិត ប្រធានមូលនីធិចាស់ជរា បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានវ៉ែនតាចំនួន២ ,នំប៉ាវ និងថវិកាចំនួន ១០ម៉ឺនរៀល ផងដែរ៕


ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *