អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ខេត្តប៉ៃលិន អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក - PMC-News

ខេត្តប៉ៃលិន អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង ០៧:០០ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងព្រះសង្ឃ ទូទាំងខេត្តប៉ៃលិន បានរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីចូលរួមអបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងបង្ហាញឆន្ទៈប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង រំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។


តាមរយៈ សេចក្ដីជូនដំណឹង ស្ដីពី ការ ចុះ«បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមក ជា មណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥ បានឲ្យដឹងថា នៅក្នុង សម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុង ប៉ារីស សាធារណរដ្ឋ បារាំង គណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោក បានពិនិត្យពិភាក្សា និង សម្រេចជាឯកច្ឆន្ទ ចុះ“ បូជនីយដ្ឋានចងចាំ នៃ កម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សា និង សន្តិភាព ” ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ តាមរយៈ សេចក្ដី សម្រេច លេខ 47 COM8B.14 ដោយ“បូជនីយដ្ឋានចងចាំ នៃកម្ពុជា” រួមមាន ទីតាំងឧក្រិដ្ឋកម្មចំនួន ៣ ត្រូវបានចុះបញ្ជី ៖ អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក(ស្ថិតនៅរាជធានីភ្នំពេញ)។

ការទទួលស្គាល់ជាផ្លូវការ “ បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌល ផ្សះផ្សា និង សន្តិភាព ” ជាបេតិកភណ្ឌ ពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មី មួយទៀត សម្រាប់ប្រទេស កម្ពុជាបន្ទាប់ពីការចុះ រមណីយដ្ឋាន មរតកប្រវត្តិសាស្ត្រនានា ដូចជា រមណីយដ្ឋាន អង្គរ (១៩៩២) ប្រាសាទ ព្រះវិហារ (២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក (២០១៧) និង រមណីយដ្ឋាន ប្រាសាទកោះកេរ (២០២៣)។ “បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា ” គឺជាទីតាំងប្រវត្តិសាស្ត្រ សហ សម័យដំបូងគេនៅកម្ពុជា និង ក្នុង តំបន់ ដែលបានដាក់បញ្ចូល ទៅ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក នាយុគសម័យថ្មី ហើយសមិទ្ធផលទាំងនេះ កើតចេញពី ការចូលរួម នៃការថែរក្សាប្រវត្តិសាស្ត្រជាតិ របស់ប្រជាជន កម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ច ខិតខំប្រឹងប្រែង ជាប់មិនដាច់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងការ ដឹកនាំ ដ៏ប៉ិនប្រសប់របស់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលជានិច្ចកាល តែងតែ ផ្តល់អាទិភាពខ្ពស់ដល់កិច្ចការ អភិរក្ស និង ការអភិវឌ្ឍ បេតិកភណ្ឌ ប្រកបដោយចីរភាព រួមទាំង ការការពារ សច្ចភាព ប្រវត្តិសាស្ត្រជាតិឲ្យគង់វង្ស ស្ថិតស្ថេរ។

បំណង និង មូលដ្ឋាន នៃការចុះ បូជនីយដ្ឋាន ចងចាំ នៃកម្ពុជា ” ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក គឺ បង្ហាញពិភពលោកអំពីភាព រឹងមាំ និង ប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “ វាលពិឃាដ ” មកជា “ ទឹកដី សន្តិភាព ” មានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្ត របស់ខ្មែរ គ្រប់ៗរូប ហើយក៏ជាស្មារតី ចងចាំដ៏ថ្លៃថ្លា បំផុតរបស់ ពិភពលោក មិនចំពោះ តែ ប្រជាជនកម្ពុជានោះឡើយ ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងមូល។ ការចុះបញ្ជីនេះក៏ជាការគោរព រំឭកដល់ជនរងគ្រោះទាំងឡាយ ពី អតីតកាលដ៏ឈឺផ្សា របស់ កម្ពុជា ហើយក៏ជាភស្តុតាង នៃ ការប្ដូរផ្ដាច់ការពារ ដ៏មុតមាំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ អនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមត នូវស្មារតី ចងចាំការរៀនសូត្រ មេរៀន ប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុ មិន អាចកាត់ថ្លៃសម្រាប់ប្រជាជាតិ និង ប្រជាជន។ដោយលោក ÷ស សារឿន អង្គភាពប្រមាញ់ជាយដែន PMC news





Theme images by Radius Images. Powered by Blogger.