អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្វែងយល់ពីនគរបាលទេសចរណ៍ដែលមានមុខល្បាតការពារ និងជួយយកអាសាភ្ញៀវនៅតាមតំបន់ទេសចរណ៍នានា - PMC-News

ស្វែងយល់ពីនគរបាលទេសចរណ៍ដែលមានមុខល្បាតការពារ និងជួយយកអាសាភ្ញៀវនៅតាមតំបន់ទេសចរណ៍នានា

នាយកដ្ឋាននគរបាលទេសចរណ៍ ជាអង្គភាព ស្ថិតក្នុងរចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ សារធារណៈ និងមានតួនាទីធ្វើជាសេនាធិការក្នុងការរៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពការងារថែរក្សាការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់បន្ថែមថា នគរបាលទេសចរណ៍ មានភារកិច្ចមួយចំនួនទៀត ដូចជា ដឹកនាំ ចាត់ចែងអនុវត្តភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងផ្តល់ព័ត៌មានអំពីគោលដៅទេសចរណ៍ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចាត់វិធានការចាំបាច់នានា បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ដែលបង្កការប៉ះពាល់ដល់រូបរាងកាយ អាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសរបស់អ្នកទេសចរណ៍ ដាក់ចេញនូវផែនការ វិធានការជាក់ស្តែង ដើម្បីបម្រើការងារស្រាវជ្រាវ ស៊ើបអង្កេត និងដោះស្រាយ រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗដែលប៉ះពាល់ដល់អ្នកទេសចរណ៍។ អ្នកនាំពាក្យរងបានបន្តថា នាយកដ្ឋាននគរបាលទេសចរណ៍ ក៏មានភារកិច្ច សហការជាមួយក្រសួងទេសចរណ៍ចាត់តាំងយន្តការ និងរៀបចំបណ្តាញអ្នកស្ម័គ្រចិត្តរបស់សហគមន៍ ជាតិ អន្តរជាតិ ដើម្បីជំនួយដល់កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនអ្នកទេសចរណ៍នៅតាមតំបន់ទេសចរណ៍ បោះទីតាំងប្រចាំការ ការពារ និងល្បាតចល័តតាមចំណុចដែលមានការប្រមូលផ្តុំភ្ញៀវទេសចរណ៍ ដើម្បីផ្តល់ ទទួលព័ត៌មាន និងអន្តរាគមន៍ទាន់ពេលវេលា។ បន្ថែមពីនេះ នាយកដ្ឋាននេះ មានភារកិច្ច ជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍លើនីតិវិធី បែបបទរដ្ឋបាល និងបង្កភាព ងាយស្រួល ភាពកក់ក្តៅជឿទុកចិត្ត ធ្វើការងាររដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល និងការងារភស្តុភារ គណនេយ្យរបស់នាយកដ្ឋាន ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋាននគរបាលទេសចរណ៍តាម ការកំណត់ និងទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈប្រគល់ឱ្យ។ សូមបញ្ជាក់ថា បច្ចុប្បន្ននាយកដ្ឋាននគរបាលទេសចរណ៍ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ជាប្រធាន និងមានអនុប្រធានមួយចំនួនទៀតជាសនាធិការ។ សាធារណជន ពិតជាឧស្សាហ៍បានជួប នគរបាលទេសចរណ៍បំពេញភារកិច្ចនៅតាមតំបន់គោលដៅទេសចរណ៍នានា ដូចជានៅតំបន់រមណីដ្ឋានប្រវត្តិសាស្រ្តអង្គជាដើម។ គឺនរគបាលដែលមានឯកសណ្ឋានពណ៌ត្រាវនោះហើយដែលតែងតែចេញល្បាត ការពារ និងជួយយកអាសាភ្ញៀវទេសចរណ៍៕ ដោយ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
Theme images by Radius Images. Powered by Blogger.