មេក្លោងធំល្បែងអនឡាញ និងលាងលុយ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះដនមឿង ក្រុងបាងកក ខណៈរបាយការណ៍ UN បង្ហាញថា ថៃជាប្រទេសច្រកឆ្លងកាត់ និងចែកចាយគ្រឿងញៀនដ៏ធំ
ប៉ូលិសអន្តោប្រវេសន៍ថៃ នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំម្នាក់ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង (Don Mueang) ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងអនឡាញដ៏ធំមួយឈ្មោះថា HYDRA888 និងការលាងលុយដែលមានតម្លៃជាង ១១.៥២ពាន់លានបាត។
នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានដឹងថា ជនសង្ស័យកំពុងធ្វើដំណើរមកដល់ប្រទេសថៃតាមជើងហោះហើរ AirAsia ពីទីក្រុងកូឡាឡាំពួ។ ប៉ូលិសបានរង់ចាំឃាត់ខ្លួនរូបគេ បន្ទាប់ពីឆ្លងកាត់កន្លែងត្រួតពិនិត្យអន្តោប្រវេសន៍។
ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួនតាមដីកាមួយដែលចេញដោយតុលាការខេត្ត Nonthaburi កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពីបទការបើកល្បែងអនឡាញខុសច្បាប់ និងការសមគំនិតប្រព្រឹត្តអំពើលាងលុយកខ្វក់។
ទន្ទឹមគ្នានេះ អាជ្ញាធរបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ក្រុមហ៊ុនមួយដើម្បីចរាចរណ៍លុយដែលបានមកពីប្រតិបត្តិការល្បែងនេះ។ ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
សូមជំរាបថា ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNODC បានឱ្យដឹងថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។
បើតាមរបាយការណ៍របស់ UNODC តំបន់ត្រីកោណមាសគឺជាកន្លែងផលិតអាភៀន និងហេរូអ៉ីនដ៏ធំបំផុត ហើយការកើនឡើងការផលិត និងជួញដូរគ្រឿងញៀន ដោយសារតែតំបន់នេះស្ថិតនៅដាច់ស្រយាល និងមានការអនុវត្តច្បាប់ធូររលុង៕
ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន pmc news
Post a Comment