ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ណែនាំឱ្យសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិថ្មី ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព តម្លាភាព គណនេយ្យភាព

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង លោក កើត រិទ្ធ បានធ្វើការណែនាំ និងជំរុញឱ្យសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ ព្រោះសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នេះមានសមាភាពមកពីគណបក្សនយោបាយ ចំនួន២ផ្សេងគ្នា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ និងត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋ ឱ្យបានគ្រប់ជ្រុងជ្រោយ ។ការថ្លែងនេះ នៅក្នុងពិធីប្រកាសឱ្យចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដែលបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងគណៈអភិបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។

លោក កើត រិទ្ធ បានបញ្ជាក់ដែរថា ការប្រកាសឱ្យចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤នាពេលនេះ បានធ្វើឡើងស្របតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប
មិនឱ្យលើស ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ។

ក្នុងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង លោក ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាទាំងអស់ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងនៅទូទាំងខេត្តបាត់ដំបង ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដើម្បីបន្តការដឹកនាំខេត្តបាត់ដំបង បានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងបន្តការអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលើគ្រប់វិស័យថែមទៀតសម្រាប់ខេត្តបាត់ដំបង ។លោក បានបង្ហាញថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាពមានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា គ្មានការគំរាមកំហែងណាមួយកើតមានឡើយ ដែលនេះគឺជាសក្ខីភាពថ្មីមួយទៀត ដែលបង្ហាញអំពីភាពចាស់ទុំនៃដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា ។

លោក កើត រិទ្ធ បានរម្លឹកថា យោងតាមលទ្ធផលផ្លូវការ ដែលគ.ជ.ប បានប្រកាសកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ខេត្តបាត់ដំបង ក្នុងចំណោមអសនៈក្រុមប្រឹក្សាខេត្ត ទាំងអស់ចំនួន២៧អសនៈ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២៤ អសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣ អសនៈ ។

លោក បានគូសបញ្ជាក់ថា ក្នុងនាមសមាជិក សមាជិកា បានជាប់ឆ្នោត បើទោះបីជាមានសមាសភាពមកពីគណបក្សនយោបាយផ្សេងគ្នា ក៏ពិតមែន ក៏ប៉ុន្តែតាមគោលការណ៍ច្បាប់បានកំណត់ថា ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង របស់យើងទាំងមូល ។ នៅពេលនេះទោះបីជាក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សាថ្នាក់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងការគ្រប់គ្រងនិងចាត់ចែងកិច្ចការក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះ ដូច្នេះ ក្នុងការអនុវត្តន៍ការងារនេះ សមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ ។

សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខា ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តបាត់ដំបង ក្នុងអាណត្តិទី៤នេះ មានចំនួន២៧រូប ក្នុងនោះ លោក អ៊ុយ រី ជាប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *