ត្បូងឃ្មុំ ÷ មួយរយៈចុងក្រោយនេះ ម្ចាស់កាស៊ីណូចក្រវាលជាយដែន ចាប់ផ្ដើមដំណើរការវិញហើយ ពលរដ្ឋខ្មែរ ចូលលេងល្បែង បញ្ជាល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង ហើយបុគ្គលដែលហ៊ានបើកល្បែងនោះ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយ ទើបធ្វើអ្វីៗតាមអំពើចិត្ត។ កន្លងមក.! សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជា លោក ថាញ់ សុខវ៉ាត អធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក និង លោក លីសុភាលីន អភិបាលស្រុកពញ្ញាក្រែក បណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន លេងស្រែកហ៊ោកញ្ជ្រៀវ ពេញក្នុងកាស៊ីណូចក្រវាលជាយដែន ហើយមានអ្នកចូលរួមលេងល្បែង បញ្ជាល់មាន់ យ៉ាងពពាក់ពពូន នៅចំណុចចម្ការកៅស៊ូ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ដោយសេរី ។ បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ មិនខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ណែនាំនៅពេលថ្មីៗនេះ ឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាស៊ីណូចក្រវាលជាយដែន ហ៊ានផ្គើនបទបញ្ជាប្រមុខថ្នាក់នាំកម្ពុជាទៅវិញ។ ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ នៅចំណុចចំការកៅស៊ូ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាបន្ទាន់ ជៀសវាងអាចកេីតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្ម ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន រីករាលដាលគូរឲ្យកត់សម្គាល់ថែមទៀតផង។ ដូច្នេះលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ព្រោះល្បែងភ្នាល់ស៊ីសងខុសច្បាប់ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បងប្អូនពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ។ ប្រភពបានបន្តឲ្យដឹង ចាប់តាំងពីលោក ម៉ុន មាគ៌ា ចូលកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គឺ មិនសូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសង បញ្ជាល់មាន់ បៀរ អាប៉ោង និងកន្ទុយលេខដើម្បីពង្រឹងសន្តិសុខសង្គម ជូនពលរដ្ឋក្នុងមូលដ្ឋាននោះទេ។
ប្រជាពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ បៀនិង អាប៉ោងភ្លូកទឹកភ្លូកដីក្នុងកាស៊ីណូចក្រវាលជាយដែនបែរជាសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់ដូចចោរលួចសេះ..!!!
