រថយន្តស៊ីណា និង លុចស៊ីស RX300បុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល៨នាក់នៅស្រុកជីក្រែង

 

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តស៊ីណា បោះពួយក្នុងល្បឿនយ៉ាងលឿនទៅបុកជាមួយ និងរថយន្តឡិចស៊ិស RX៣០០ បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល៨នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្ត SIENNA រត់តាក់ស៊ី និង រថយន្ត ឡិចស៉ីស RX៣០០ បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ អ្នកបើករថយន្ត SIENNA និង រងរបួសធ្ងន់ស្រាល៨នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

លោកអធិការស្រុកជីក្រែង បានបន្តថា រថយន្តSIENNA បើកបរដោយឈ្មោះ សួ ភិន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅផ្ទះ១០៦ឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយដឹកមនុស្ស០៦នាក់ ស្រី៥នាក់ ក្នុងទិសដៅពីលិចទៅកើត ពាក់ស្លាកលេខ ភ្នំពេញ 2AC-9971 ជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូច ពណ៌ទឹកមាស បើកបរក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាក LEXUS ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2M- 4334 ប្រភេទទេសចរណ៍ ពណ៌ទឹកមាស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដូចគ្នា។ ដោយមិនបានប្រុងប្រយ័ត្នក៏បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យស្លាប់ខាងអ្នកបើករថយន្ត SIENNA ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង របួសធ្ងន់ស្រាល៨នាក់ (ស្រី៥នាក់)ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យ វាស់វែង នឹងរឹបអូសយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តន៍តាមនិតិវិធី។

ចំណែកសាកសពប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *