ភ្នំពេញ ៖ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុម ប្រឹក្សាភិបាលសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ ដំណើរការអង្គ សន្និបាតទាំងមូល ដើម្បីពិនិត្យ និងអនុម័តលើការងារ សំខាន់ៗមួយចំនួនដូចជា ៖ ទី១. ពិនិត្យនិងអនុម័ត លើរបាយការណ៍លទ្ធផល ការងារប្រចាំឆ្នាំ២០២២ ដែលអានដោយលោក គង់ សារិទ្ធិ អគ្គលេខាធិការសមា គមសម្ព័ន្ធសារព័ត៌មាន ឯករាជ្យ ទី២. ពិនិត្យនិងអនុម័តលើការ កែសម្រួលបទបញ្ជាផ្ទៃក្នុង ដែលអានដោយលោក ប៉ែត ចាន់រដ្ឋា អនុប្រធានសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ ទី៣. ពិនិត្យនិងអនុម័តលើការ ធ្វើវិសោធនកម្មលក្ខន្តិកៈ ដែលអានដោយលោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធានសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ និងទី៤. ពិនិត្យនិងអនុម័តលើ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៣-២០២៨) ដែលអានដោយលោក ហ៊ាង សុភក្តិ ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស។ ជាលទ្ធផលអង្គសន្និបាត បានអនុម័តលើចំណុចទាំង៤ ខាងលើ ដោយសំលេងគាំទ្រ នៃអង្គសន្និបាតទាំងមូល។
បន្ទាប់មក អង្គសន្និបាត ក៏បានបន្តការធ្វើបទ អន្តរាគមន៍លើប្រធាន ចំនួន ៣ រួមមាន ៖ ប្រធានបទទី១ “តើសមាគមត្រូវមាន យន្តការអ្វីខ្លះក្នុងការ កៀរគរអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ចូលជាសមាជិក? ដែលធ្វើបទអន្តរាគមន៍ ដោយលោកបណ្ឌិត ព្រាប នូរ៉ា ប្រធានបទទី២ “តើសមាគមត្រូវ ចូលរួមយ៉ាងណាខ្លះ ដើម្បីពង្រឹងក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ ស្តីពីរបបសារព័ត៌មាននៅកម្ពុជា? ដែលធ្វើបទអន្តរាគមដោយលោក សំ នឿន និងប្រធានបទទី៣. តើសមាគមត្រូវចូលរួមយ៉ាងណាខ្លះ ដើម្បីប្រឆាំងព័ត៌មាន ក្លែងក្លាយនៅកម្ពុជា? ដែលធ្វើបទអន្តរាគមន៍ ដោយលោក ប៊ិន ប៊ុណ្ណា ។
ជាបន្តបន្ទាប់ សមាជិក សមាជិកានៃអង្គសន្និបាត ក៏បានឡើងមានមតិ ចូលរួមលើប្រធាន បទទាំង៣ ខាងលើ យ៉ាងផុសផុល និងទទួលបាន ធាតុចូលជាច្រើន សម្រាប់យកទៅដាក់ បញ្ចូលក្នុងផែនការ យុទ្ធសាស្ត្រ និងផែនការ សកម្មភាពផងដែរ។
ជាចុងក្រោយឯកឧត្តម អ៊ូ វណ្ណា និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានធ្វើការបូកសរុប និងផ្តល់អនុសាសន៍ជូន ដល់អង្គសន្និបាត ពិសេសថ្នាក់ដឹកនាំ សមាគមរាជធានី ខេត្ត យកទៅអនុវត្ត ដើម្បីសម្រេចបានតាម ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលបានដាក់ចេញ។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធ ការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ ការងារឆ្នាំ២០២៣ របស់សមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រព្រឹត្តទៅពេញ ១ថ្ងៃ គឺនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ ដែលពិធីបើកក្រោម អធិបតីភាពឯកឧត្តម ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ និងពិធីបិទក្រោមអធិបតី ភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចូលរួមចំនួន ៥៦០អង្គ/នាក់៕