អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក ជំទាវ សុវណ្ណ វណ្ណារ័ត្ន ដឹកនាំក្រុមហ៊ុនចំនួន៨ មកជ្រើសរើសពលករឱ្យចូលបម្រើការងារប្រមាណជាង៦០០ កន្លែងនៅស្រុកស្ទោង! - PMC-News

លោក ជំទាវ សុវណ្ណ វណ្ណារ័ត្ន ដឹកនាំក្រុមហ៊ុនចំនួន៨ មកជ្រើសរើសពលករឱ្យចូលបម្រើការងារប្រមាណជាង៦០០ កន្លែងនៅស្រុកស្ទោង!

កំពង់ធំ:  លោក ជំទាវ សុវណ្ណ វណ្ណារ័ត្ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃនៅឃុំព្រះដំរី និងឃុំសំព្រោជ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។


ឱកាសនោះដែរលោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជា ដែលសម្ដេចទាំងទ្វេតែងគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពជីវភាពពុកម៉ែបងប្អូនប្រជាពលករដែលទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃនៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងមានបញ្ហាព្រំដែននឹងគ្នា។

ជាមួយគ្នានេះលោកជំទាវបានបង្ហាញនូវក្រុមហ៊ុនចំនួន 8 ដែលកំពុងត្រូវការកម្លាំងពលករសម្រាប់ចូលបម្រើការងារជាក់ស្ដែងភ្លាមៗ ដែលពុកម៉ែបងប្អូនអាចដាក់ពាក្យនៅក្នុងឱកាសនេះតែម្ដងព្រមទាំងទទួលបាននូវការលើកទឹកចិត្តនូវទឹកប្រាក់ចំនួន ៣០ដុល្លារ ក្នុងម្នាក់ សម្រាប់សោហ៊ុយក្នុងការធ្វើដំណើរទៅកន្លែងការងារថែមទៀត។

ជំទាវបានសង្កត់ធ្ងន់ថា នៅក្នុងកន្លែងការងារទាំងនេះគឺបងប្អូនពលករនឹងទទួលបាននូវការស្នាក់នៅថ្លៃទឹកថ្លៃភ្លើងព្រមទាំងអាហារហូបចុកដោយឥតគិតថ្លៃដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ថៅកែក្រុមហ៊ុនផងដែរ ហើយបានអំពាវនាវដល់កម្មករត្រូវចិត្តទុកថា កន្លែងធ្វើការគឺជាឆ្នាំងបាយដែលមិនចេះរីងស្ងួតរបស់ខ្លួន។

ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់គ្រប់ប្រធានមណ្ឌលសុខភាពទាំងអស់ក្នុងស្រុកស្ទោងក៏ដូចជាមន្ទីរពេទ្យបង្អែកស្ទោងត្រូវផ្ដល់សេវានិងថែទាំព្យាបាលជំងឺជូនប្រជាពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃដោយគិតថ្លៃទោះពួកគាត់គ្មានបណ្ណក្រីក្រឬបណ្ណសមធម៌ក៏ដោយ។

សូមបញ្ជាក់ថា នៅចំការកៅស៊ូឃុំពពកស្រុកស្ទោងត្រូវការកម្លាំងកម្មករប្រមាណ ១០០នាក់ ហើយសម្រាប់ បងប្អូនដែលត្រូវការចង់បានការងារធ្វើសូមទាក់ទងទៅលេខពិសេស ១២៩៧ដោយឥតគិតថ្លៃ៕
ដោយ លោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន tv




Theme images by Radius Images. Powered by Blogger.