ពលករខ្មែរ ៨៦ នាក់ និងមេខ្យល់ ៣ នាក់ ត្រូវទាហានថៃចាប់ខ្លួន ពីបទលបឆ្លងដែន ខុសច្បាប់

(បរទេសថៃ)៖ ពលករខ្មែរ ចំនួន៨៦នាក់ រួមទាំងមេខ្យល់ ចំនួន៣នាក់ ត្រូវបានទាហានការពារព្រំដែនថៃចាប់ខ្លួន ខណ:ដែលពួកគេកំពុងលបឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើ។

យោងតាមរបាយការ ពីភាគីថៃបានបញ្ជាក់ថា ក្រោយពីសង្ក្រាន្ត ឆ្នាំថ្មីត្រូវបានបញ្ចប់ គឺពលករខ្មែរ ចាប់ផ្តើមសម្រុកឆ្លង ដែនចូលទៅធ្វើការ ក្នុងប្រទេសថៃ វិញយ៉ាងគម្ហុក ដោយសារបញ្ហា នេះទើបទាហាន ឈុតខ្មៅថៃបានចេញ ប្រតិបត្តិការតាម បណ្តោយ ព្រំដែនជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ ការលបឆ្លងដែន ដោយ គ្មានការអនុញ្ញាត។

ជាក់ស្តែង ពេញ២៤ម៉ោង ក្នុងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងព្រំដែនលេខ ១២ លេខ ១៣ និងកម្លាំងកងរយលេខ ១១១ បានឃាត់ខ្លួនពលករ ខ្មែរតាមបណ្តោយព្រំដែន ខេត្តស្រះកែវ លើ១០គោលដៅ សរុបបានចំនួន ៨៦ នាក់ និងមេខ្យល់ខ្មែរ ៣ នាក់ ខណ:ដែលពួកគេបាន ឆ្លងអូរព្រំដែន និងកំពុងលប ធ្វើដំណើរតាមព្រៃ និងតាមចម្ការ ប្រជាពលរដ្ឋ។

ក្រោយពីសាកសួរ ពួកគេបានសារភាពថា គេមានបំណងចូលទៅធ្វើការនៅក្នុងខេត្ត ស្រះកែវ ណុនថ:បុរី សមុទ្រប្រាកាន រ៉ាក់យ៉ង ប៉ាធុំថានី និងទីក្រុងបាងកក ដោយម្នាក់ៗត្រូវចំណាយ ប្រាក់ចាប់ពី ៥.០០០ ទៅ ៧.០០០ បាត ដើម្បីបានទៅ ដល់គោលដៅ ។

បច្ចុប្បន្នពលករខ្មែរទាំងអស់ រួមនិងមេខ្យល់ ត្រូវបានក្រុមយោធា ការពារព្រំដែនថៃ បញ្ជូនទៅអោយ កម្លាំងជំនាញ នៃអធិការដ្ឋានតម្រួត ខេត្តស្រះកែវ ដើម្បីសាកសួរបន្ត និងអនុវត្តតាមនីតិវិធី ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *