ប្រជាពលរដ្ឋនៅ តំបន់បិទខ្ទប់ និងខ្វះខាតចំនួន ៩៤គ្រួសារ ទទួលជំនួយឧបត្ថម្ភ ពីអាជ្ញាធរខេត្ត មណ្ឌលគិរី

(ខេត្តមណ្ឌលគិរី)៖ ប្រជាពលរដ្ឋរស់នៅ តំបន់បិទខ្ទប់ដោយ សារជំងឺកូវីដ១៩ និងប្រជាពលរដ្ឋ ក្រីក្រចំនួន៩៤គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ បានទទួលជំនួយឧបត្ថម្ភ ពីអាជ្ញាធរខេត្ត ដើម្បីដោះស្រាយ ជីវភាពមួយផ្នែក នាព្រឹកថ្ងៃទី២០ កញ្ញា ២០២១ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក សាយ ម៉េងគីម អភិបាលរងខេត្ត រួមទាំងមន្ត្រីរាជការ ជាច្រើនរូប។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកការផ្ញាំផ្ញើសាក សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលសម្តេច តែងតែគិតគូរពីសុខុ មាលភាពរបស់ ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុង ជាប់នៅចំណុចបិទ ខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពល រដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋ ដែលកំពុងជាប់នៅ តំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យ បានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យ បានពីការចម្លង នៃជំងឺកូវីដ-១៩។

ឯកឧត្តម ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលមានប្រវត្តិ ប៉ះពាល់ដោយផ្ទាល់ ឫប្រយោល ជាមួយអ្នកមាន វិជ្ជមានជំងឺកូវីដ-១៩ ឫមានរោគសញ្ញា សង្ស័យផ្សេងៗ ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែង បងប្អូនរស់នៅ ឫរាយការណ៍ជូន ទៅអាជ្ញាធរជាបន្ទាន់។

បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់ អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជា ពលរដ្ឋនៅមូលដ្ឋាន ដែលមានការខ្វះខាត ឬមានបញ្ហាណាមួយ ត្រូវរាយការណ៍ ជាបន្ទាន់ ដើម្បីធ្វើការ ដោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរកឃើញករណី ឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១.៣៦៣ករណី ជាសះស្បើយ ៨៤៦ករណី ស្លាប់ ០៦នាក់ និងអ្នកកំពុងសម្រាក ព្យាបាលជំងឺកូវីដ-១៩ មានចំនួន ៥១១ករណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *