អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ សាខាកាកបាទក្រហមខេត្ត  ប្រគល់ជូនជនរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ ពិការដៃទាំងសង្ខាង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃ គណៈអភិបាល ខេត្តពោធិ៍សាត់ និងជាប្រធានគណៈ កម្មាធិការ សាខាកាកបាទ ក្រហមខេត្ត កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទ ក្រហមខេត្ត មកប្រគល់ជូនជន រងគ្រោះ ដែលត្រូវ ខ្សែភ្លើងឆក់ ពិការដៃទាំងសង្ខាង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់។

មានប្រសាសន៍ក្នុង ឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ដោយឆ្លើយតបតាម អនុសាសន៍ណែនាំ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចបាន ឃើញតាមបណ្តាញ សង្គមនោះ ក៏បានឱ្យអាជ្ញាធរខេត្ត រួមសហការជាមួយ មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងក្រុមគ្រូពេទ្យជំនាញ បានបញ្ជូនជនរងគ្រោះ និងមកធ្វើការវះកាត់ដៃទាំង២ ទទួលបានជោគជ័យ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តមបានថ្លែង ជម្រាបជូនក្រុមគ្រួសារ ជនរងគ្រោះថា នូវរាល់ការព្យាបាល និងការចំណាយ ផ្សេងៗ រដ្ឋបាលខេត្ត ជាអ្នករាប់រង និងដោះស្រាយទាំងស្រុង ព្រោះថាយើងជាមហា គ្រួសារតែមួយ ត្រូវតែជួយគ្នាទៅវិញទៅមក តែសូមឱ្យក្រុមគ្រួសារ ចេះរួមរួមស្រឡាញ់គ្នា គាត់ពិការនេះដោយ សារចេញទៅរកស៊ី  ដើម្បីចិញ្ចឹមកូនចៅ ហេតុនេះត្រូវតែមើល ថែគ្នាជាប់ជាប្រចាំ បើមានការខ្វះខាតអ្វីនោះ សូមមកទំនាក់ ទំនងរដ្ឋបាលខេត្ត។

ជាមួយគ្នានោះ ឯកឧត្តមក៏បានសម្តែង ការសោកស្តាយដោយ មិនបានដឹងអំពី ករណីគ្រោះថ្នាក់ រហូតធ្វើឱ្យជនរងគ្រោះ ស្ថិតក្នុងស្ថានភាព បែបនេះកើតឡើង បើមានករណីអ្វី កើតនៅទីណានោះ សូមទំនាក់ទំនងមក អាជ្ញាធរភូមិ ឃុំ ស្រុក និងមកឯកឧត្តម ផ្ទាល់ក៏បាន កុំឱ្យដូចករណីនេះទៀត។

អំណោយមនុស្សធម៌ របស់សាខាកាក បាទក្រហមខេត្ត ផ្តល់ជូនជនរងគ្រោះ រួមមានថវិកាចំនួន៤លានរៀល ទឹកផ្លែឈើ២កេស និងទឹកដោះគោឆៅ៥យួរ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ មានករណីខ្សែភ្លើងឆក់ នៅចំណុចភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកើតឡើង មកលើជនរង គ្រោះឈ្មោះ ធឿង សុថាន់ ភេទប្រុស អាយុ៤០ឆ្នាំ (ជាជាងដែក) រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង ស្រុកបាកាន ជនរងគ្រោះបានទៅ តសំយ៉ាបផ្ទះឱ្យឈ្មោះ ឈូក សុភក្តី ភេទប្រុស អាយុ៤១ឆ្នាំ នៅចំណុចកើតហេតុ។ ពេលកំពុងតែ លើកដែក ស្រាប់តែប៉ះនឹងខ្សែភ្លើង បណ្តាលឱ្យឆក់ធ្លាក់ពី លើសំយ៉ាប បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក បាកានតែម្តង។

ដោយហេតុតែស្តាយ ដៃទាំងសង្ខាង មិនព្រមឱ្យគ្រូពេទ្យកាត់ ក្រុមគ្រួសារជនរងគ្រោះ ក៏ព្យាយាមព្យាបាល ដោយខ្លួនឯង តែដោយអាក្ការៈ ដៃនោះមើលទៅបែបមិនជា ក្រុមគ្រួសារជន រងគ្រោះក៏សម្រេច ចិត្តបង្ហោះតាមបណ្តាញ ព័ត៌មានសង្គម ទើបដំណឹងនេះ បានមកដល់សម្តេចកិត្តិ ហើយសម្តេចកិត្តិបានចាត់ ឱ្យឯកឧត្កម ម៉ៅ ធនិន ឆ្លើយតប និងជួយសង្គ្រោះបន្ទាន់ ដូចជាថ្ងៃនេះផ្ទាល់ ជនរងគ្រោះត្រូវបាន ទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ រហូតជាសាស្បើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *