ភ្នំពេញ៖ បើករថយន្តបែនដឹកដី ក្នុងល្បឿនលឿនវ៉ាជែង គេចពីរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក និងស្លាកលេខ បណ្តាលឲ្យរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកក្រឡាប់ផ្ងារជើង សំណាងល្អដែលមិនបង្កគ្រោះថ្នាក់ដល់តៃកុងរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ១០៤ ក្នុងភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ធនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត បែនដឹកដីមួយគ្រឿងពណ៍ ស មិនមានផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ១០៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនវ៉ាជែង ខណ:មកដល់ចំណុចកើតហេតុស្រាប់តែគេចពីរថយន្តមួយគ្រឿងមិនចាំស្លាកលេខនៅខាងមុខបានរេចង្កូតជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ចំណែកតៃកុងមិនរងរបួសនោះទេ រងការខូចខាតតែរថយន្តប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ក្រោយពិនិត្យឃើញថា មិនមានប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋ និងមិនមានគ្រោះថ្នាក់ទៅលើដទៃ បានប្រគល់រថយន្តទៅម្ចាស់វិញស្ទូចយកទៅជួសជុលដោយខ្លួនឯង៕