ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ ម៉ារ៉ាតុនសង្ក្រាន្តបាត់ដំបង ២០២៣

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃ១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធី បិទព្រឹត្តិការណ៍ម៉ារ៉ាតុន សង្ក្រាន្តបាត់ដំបង ២០២៣ របស់ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង។

បើតាមរបាយការណ៍ របស់ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង បញ្ជាក់ថា លទ្ធផលសម្រេច បានរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង នាពេលកន្លងមក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការប្តេជ្ញាចិត្ត ការតស៊ូព្យាយាម ខិតខំជំនះរាល់បញ្ហានានា ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេស កកម្មការងារអប់រំ  បណ្ដុះបណ្តាល កីឡា ការងារសង្គម បរិស្ថាន វប្បធម៌ និងសាសនា ជាពិសេសការងារ សប្បុរសធម៌ ដើម្បីចូលរួមចំណែកជា មួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ ការរីករាលដាល នៃជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងការចូលរួមសហការ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមក។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សង្ក្រាន្តបាត់ដំបង ២០២៣ ដែលសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបងបាន រៀបចំនៅខែមេសា ខាងមុខ គឺស្របជាមួយគ្នានឹងឆ្នាំទី១០ ដែលសហភាពសហព័ន្ធ យុវជនកម្ពុជា បានប្រារព្ធធ្វើសង្ក្រាន្តឡើងវិញ នៅទូទាំងប្រទេស ជាពិសេសនៅ ទឹកដីខេត្តសៀមរាប គឺព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអបអរសាទរព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រដែលយើង បានរង់ចាំ ៦៤ឆ្នាំមកហើយ និង ២២ឆ្នាំទៀត ទើបយើងនឹងអាច ធ្វើវាម្តងទៀត នោះគឺព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅខែឧសភា ខាងមុខនេះ និងសូមឱ្យបងប្អូនជនរួមជាតិ បន្តរាប់ថយក្រោយ  សម្រាប់ព្រឹត្តការណ៍ នោះផងដែរ។

ឯកឧត្តម ស សុខា បានបន្តទៀតថា ថ្ងៃនេះ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ ក៏ដូចជាមន្ទីរនានាជុំវិញខេត្ត ប្រារព្ធកម្មវិធីនេះ ឡើងក្នុងគោលបំណង លើកស្ទួយ និងជំរុញឱ្យយុវជន ចូលរួមក្នុងសកម្មភាពកីឡា និងដើម្បីកៀរគរ ថវិកាគាំទ្រ ព្រឹត្តិការណ៍សង្គ្រាន្ត ជាពិសេសដើម្បីការ ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋទូទាំងខេត្ត និងក្រៅខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានដឹងអំពីព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ២០២៣ ក៏ដូចជាចូលរួមចំណែក បញ្ជ្រៀបយុទ្ឋនាការ Beyond the Games សម្រាប់កីឡាស៊ីហ្គេមផងដែរ។

ឯកឧត្តម ស សុខា ក៏បានជំរុញឱ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ងាកមកចាប់អារម្មណ៍ សកម្មភាពអប់រំកាយ និងកីឡា ដូចដែលបានដាក់ ចេញដោយអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាយ៉ាងតិច ១ប្រភេទ ប្រចាំជីវិត”។

ឯកឧត្តម ស សុខា ក្នុងនាមអ្នកទទួលបន្ទុក សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង ក៏ដូចជា គណៈកម្មការរៀបចំ និងផ្នែកពាក់ព័ន្ធ ទាំងអស់ដែលបាន រៀបចំព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ នេះឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់ សប្បុរសជនទាំងក្នុង និងក្រៅខេត្ត មេត្តាជួយឧបត្ថម្ភ គាំទ្រជាថវិកាក្តី និងសម្ភារៈក្តី ដល់គណៈកម្មការរៀបចំ សង្គ្រាមបាត់ដំបង ២០២៣ ដើម្បីបានប្រព្រឹត្ត ទៅដោយរលូន និងជោគជ័យតាម ការគ្រោងទុក ព្រោះការរៀបចំ ព្រឹត្តិការណ៍នេះ វាជាផ្នែកមួយ នៃការលើកកម្ពស់ប្រពៃណីដ៏ ត្រចះត្រចង់របស់ជាតិ ក៏ដូចជាបង្ហាញ ជូននូវទស្សនីយ៍ភាពនានា ដែលជាវប្បធម៌របស់ខេត្ត ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែល មកទស្សនា និងលេងកំសាន្ត ខេត្តបាត់ដំបងយើង ដែលជាខេត្តទទួល បាននូវពានរង្វាន់ផ្កា រំដួល ៣ទង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *