អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា ការធ្វើវិបស្សនា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្តពលរដ្ឋ និងព្រះសង្ឃ! - PMC-News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា ការធ្វើវិបស្សនា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្តពលរដ្ឋ និងព្រះសង្ឃ!

ខេត្តព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ការធ្វើវិបស្សនា គឺជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់ពីសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។


ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយលោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីបុណ្យសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងថា សាលាវិបស្សនានេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសាសនានៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពើបច្ចេកទេសការធ្វើវិបស្សនា សម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាពុទ្ធបរិស័ទជិត ឆ្ងាយ និងជាពិសេសអ្នកដែលមានវិបត្តិផ្លូវចិត្ត មានវិបត្តិស្មុគស្មាញក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីកត្តាជាច្រើន ទាំងសម្ពាធគ្រួសារ និងវិបត្តិសេដ្ឋកិច្ច។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមទៀតថា «ការអប់រំផ្លូវកាយ និងផ្លូវចិត្តនេះ បានលើកកម្ពស់ការអប់រំសីលធម៌ ជាពិសេសដល់យុវជនជំនាន់ក្រោយ ឱ្យមានការយល់ដឹង ពីអំពើល្អ និងអំពើអាក្រក់ ដោយឃើញសារសំខាន់នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយវិស័យសាសនា ឱ្យមានការអភិវឌ្ឍ និងបង្កើនការផ្សព្វផ្សាយបន្តទៀត ទាំងផ្នែកវប្បធម៌ ការអប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម»។

ថ្លែងពីវេទិកានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាជ្រើសយកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា ផ្តល់សិទ្ធិ និងបើកចំហឱ្យប្រជាពលរដ្ឋរបស់ខ្លួន ជ្រើសរើសសាសនាដែលខ្លួនស្រឡាញ់ គោរព និងប្រតិបត្តិ និងបើកឱកាសឱ្យប្រជាពលរដ្ឋ ប្រារព្ធឡើងនូវកម្មវិធីសាសនាផ្សេងៗដទៃទៀតផងដែរ និងថាតាមរយៈការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមម្លប់សន្តិភាព កម្ពុជាមានកាលានុវត្តភាព សមត្ថភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា។

សូមបញ្ជាក់ថា សាលាវិបស្សនា ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ មានទំហំ១៥ម៉ែត្រ គុណ ៣៣,៨០ម៉ែត្រ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចំណាយទឹកប្រាក់ ចំនួន ១៥៣.៥០០ដុល្លា ជាអំណាយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា៕







Theme images by Radius Images. Powered by Blogger.