សម្តេចតេជោ ហ៊ុន សែន គាំទ្រការបកស្រាយរបស់ឯកឧត្តម ស សុខា ជុំវិញរឿងបុរសលើកម៉ូតូក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការគាំទ្រចំពោះការបកស្រាយ និងពន្យល់របស់ឯកឧត្តម ស សុខា ជុំវិញរឿងបុរសម្នាក់ជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ ។ នេះបើយោងតាមការខមិនពីគណនីហ្វេសប៊ុកឈ្មោះ “Hun Sen” របស់សម្តេចតេជោ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានខមិនលើផេកផ្លូវការរបស់ឯកឧត្តម ស សុខា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា “គាំទ្រការបកស្រាយ និងពន្យល់របស់ក្មួយ ស សុខា ។ ត្រូវជួយគ្នាជាមុន ទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ ។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអ្នកបានជួយ ដែលនេះជាវប្បធម៌ដ៏ល្អនៃជាតិសាសន៍របស់យើង”។
សូមបញ្ជាក់ថា ការខមិនរបស់សម្តេចតេជោ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម ស សុខា បានបង្ហោះសារជុំវិញរឿងបុរសម្នាក់ដែលជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗកន្លងទៅនេះ ។

ក្នុងនោះឯកឧត្តម មានគួររំលឹកថា ជុំវិញរឿងរ៉ាវបុរសម្នាក់ដែលជួយលើកម៉ូតូជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើ

ស្ពានជ្រោយចង្វារ ចុងក្រោយបែរជាត្រូវអ្នកសារព័ត៌មាន សួរដេញដោយ និងស្តីបន្ទោសបុរសគាត់នោះ បានក្លាយជា

ប្រធានបទដ៏កក្រើកសម្រាប់អ្នកលេងបណ្តាញសង្គម។

ប្រសាសន៍ ទាំងស្រុង ៖

តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង!

មកដល់ពេលនេះប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា នៅតែបន្តជជែកគ្នាទាំងស្រប

និងប្រឆាំង។ តាមការកត់សម្គាល់ ខ្ញុំឃើញមតិប្រឆាំងនឹងជំហររបស់អ្នក Liveផ្ទាល់ច្រើនជាងការគាំទ្រ។ ក្នុងនាមប្រជាពលរដ្ឋ

ម្នាក់ ខ្ញុំក៏សូមបញ្ចេញមតិខ្លះៗដែរ។

ទី១.យើងថា បងប្រុសដែលឃើញម៉ូតូដួល ហើយគាត់ស្ទុះទៅជួយលើកខុសក៏អាចថាបាន។ តែយើងគួរគិត ឬរកឱ្យឃើញ
ជាមុនថា តើគាត់មានចេតនាបែបណា? ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលគាត់ស្ទុះទៅលើកនោះក្នុងស្ថានភាពដូចម្ដេច និង
កាយវិការរបស់គាត់មានទម្រង់ប្រឆាំងនឹងសមត្ថកិច្ចជំនាញឬយ៉ាងណា? តាមខ្ញុំយល់ ពេលដែលគាត់កំពុងបើកម៉ូតូឌុប
ប្រពន្ធបីកូនតូចនៅនឹងដៃ អារម្មណ៍គាត់អាចត្រឹមតែគិតថា អ្នករងគ្រោះបើកដួលខ្លួនឯងដោយយថាហេតុណាមួយ
ដោយគាត់ខ្លាចឡាននិងម៉ូតូផ្សេងៗមកបុកបន្ថែមពីលើជាដើម។ ខ្ញុំថា បើយើងបន្ទោសឬដាក់កំហុសលើគាត់ ហាក់ដូចជាយើង
នាំគ្នាបំផុសឬលើកទឹកចិត្តឱ្យបោះបង់វប្បធម៌ជួយយកអាសាគ្នាទៅវិញ។ ជារួម ក្នុងស្ថានភាពនោះបើសិនជាយើងវិញ យើងក្ដី
មហាជនក្ដី គិត ឬមើលឃើញថាជាករណីដួលដោយខ្លួនឯង ដែលគួរចុះជួយជាដើម។
ទី២.ជាការពិត រឿងជំនាញវាស់វែងរបស់នគរបាលចរាចរណ៍ជារឿងត្រឹមត្រូវ ដែលត្រូវវាស់វែងគូសគំនូសសម្គាល់ទីតាំងយាន
បង្កនិងយានរងគ្រោះ ដើម្បីកំណត់ថាភាគីណាខុសភាគីណាត្រូវ។ ប៉ុន្តែយើងក៏ដាក់ជាសំណួរដែរថា តើពេលនោះបងប្រុស
ដែលលើកម៉ូតូនោះបានឃើញវត្តមាននគរបាលចរាចរណ៍ដែរទេ? ដូចខ្ញុំលើកឡើងខាងលើ ប្រហែលជាពេលនោះ គាត់
មិនបានឃើញនគរបាលចរាចរណ៍មានវត្តមាននៅទីនោះ និងឃើញសភាពធម្មតា ដែលគាត់មិនអាចបើកហួស ឬឃើញ
ស្លាប់មិនជួយនោះទេ។ តែខ្ញុំមិនសន្មតថា ពេលនោះគ្មានវត្តមាននគរបាលចរាចរណ៍នោះឡើយ។ ដូច្នេះ ការដែលពុំបានដឹង
ពុំបានឃើញ ហើយមានបំណងយកអាសាគ្នា ខ្ញុំថា ជារឿងល្អទៅវិញ។ ក្រៅតែពីការវាស់វែងបាញ់គំនូស នៅមានធម្យោបាយ
ច្រើនទៀតដែលអាចប្រមូល និងបង្ហាញភស្ដុតាងបាន ដូចជា កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបើសិនជាមាន, ស្លាកស្នាម
នៅកន្លែងកើតហេតុ, ចម្លើយរបស់ភាគី, អ្នកឃើញហេតុការណ៍ និងវីដេអូ ដែលអ្នក Live បានទៅដល់មុនគេនោះ…សុទ្ធតែ
អាចយកធ្វើជាមូលដ្ឋានបាន។
ទី៣.ចំពោះអ្នក Live ផ្ទាល់វិញ ជាការយល់តិចតួចរបស់ខ្ញុំ យើងគប្បីប្រកាន់យកតួនាទី ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាម
អ្នកសារព័ត៌មានអាជីពស្របច្បាប់។ ពោលគឺ ផ្ដល់ព័ត៌មានពិតទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយពុំអាច
ដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់ជាមួយនរណាម្នាក់នោះឡើយ។ ក្នុងនោះ ក្នុងនាមអ្នកសារព័ត៌មាន
មានតួនាទីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយឱ្យអ្នកទស្សនាបានដឹង និងថ្លឹងថ្លែងតាមរយៈការអត្ថាធិប្បាយហេតុការណ៍ដែលខ្លួន
ឃើញពិត, សម្ភាសភាគីទាំងសងខាង, សម្ភាសអ្នកឃើញហេតុការណ៍, សម្ភាសសមត្ថកិច្ច, សម្ភាសបងប្រុសដែលស្ទុះទៅលើក
ម៉ូតូដួលនោះ…។ ម្យ៉ាងវិញទៀត បើយើងចង់ផ្ញើសារជូនមហាជនថា ការលើកយានករណីបែបនេះ បណ្ដាលឱ្យប៉ះពាល់ដល់
ជំនាញ ឬបាត់ដានក្នុងការរកអ្នកខុសអ្នកត្រូវ គប្បីបង្វែរសំណួរទៅសួរសមត្ថកិច្ចជំនាញដែលមានវត្តមាននៅទីនោះឱ្យលោក
ពន្យល់វិញ។ ចៀសវាងយើងនៅតែតាមថត តាមលើកហេតុផល តាមពន្យល់បងប្រុសអ្នកលើកម៉ូតូឥតឈប់ ក្នុងខណៈពេល
គាត់បានលើកដៃសូមទោសនិងបញ្ជាក់ពីចេតនាសុចរិតរបស់គាត់ម្ដងហើយម្ដងទៀត។
ទី៤.សរុបសេចក្ដីទៅ គួរលើកកម្ពស់ឬបំផុសវប្បធម៌ជួយគ្នា។ ក្នុងករណីដែលការជួយណាមួយដោយស្មោះ តែខុសពីជំនាញ
របស់សមត្ថកិច្ច ហើយគ្នាសូមទោស គួរកុំដេញដោលបន្ត។ តាមខ្ញុំមើលវីដេអូ ខ្ញុំឃើញគាត់លើកដៃសុំទោស៤-១០ដង និង
ដោយចិត្តស្មោះ។ អ៊ីចឹង រឿងហួសហើយ ឱ្យវាហួសទៅ តើឱ្យបកក្រោយយ៉ាងម៉ិចនឹងកើត។ មែនទែនទៅ ខ្ញុំមិនកាត់សេចក្ដីអី
ទេ តែតាមវីដេអូ ភាគីខាងអ្នក Live ទៅវិញទេ ដែលសង្ខើញនិងតឹងសរសៃក ចំណែកខាងបងប្រុសលើកម៉ូតូគាត់ព្យាយាម
ពន្យល់អំពីចេតនាសុចរិតរបស់គាត់ដោយសម្ដីសម្ដៅនិងកាយសមទំនង។ ចំពោះសមត្ថកិច្ចជំនាញ ករណីទទួលព័ត៌មានគួរ
ស្រូតចុះសម្របសម្រួលអន្តរាគមន៍កន្លែងកើតហេតុធ្វើការតាមជំនាញឱ្យលឿនតាមដែលអាចធ្វើបាន ហើយបើអាចធ្វើបានទៀត
នោះ គួរការពារឬហ៊ុំព័ទ្ធកន្លែងកើតហេតុជាដើម។ ក្នុងនាមអ្នកសារព័ត៌មានគប្បីបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ជំនាញ
ក្រមសីលធម៌វិជ្ជាជីវៈ កុំឱ្យហួសដែនសមត្ថកិច្ច។ ខ្ញុំគាំទ្រចំពោះការជួយយកអាសាគ្នា តែដើម្បីការពារខ្លួន សូមបងប្អូនពិនិត្
យតាមសភាពជាក់ស្ដែង ចៀសវាសធ្វើគុណបានទោស។ យើងគប្បីឈ្វេងយល់ពីគ្នា និងឈានទៅយោគយល់គ្នាតាមរយៈ
ហេតុផល កុំចង់ចាញ់ចង់ឈ្នះគ្នា ឬធ្វើដើម្បីផលប្រយោជន៍ណាមួយ។ ទោះយ៉ាងណា យើងត្រូវរួមគ្នាផ្សព្វផ្សាយវប្បធម៌ជួយគ្នា!

You might like

Leave a Reply

Your email address will not be published. Required fields are marked *