អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេច​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់ នៅភូមិត្រពាំងព្រលឹត ឃុំត្រពាំងឬស្សី ! - PMC-News

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេច​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់ នៅភូមិត្រពាំងព្រលឹត ឃុំត្រពាំងឬស្សី !

នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ស័ង្កសី ដែលជាអំណោយមនុស្សធម៍​ ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត​ពេជ​ ចន្ទ​មុន្នី​ ទៅឧបត្ថម្ភ និងជួយសាងសង់ជម្រកស្នាក់នៅថ្មី ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាត​ជម្រក​ស្នាក់​នៅ​មួយខ្នង​ នៅភូមិត្រពាំងព្រលិត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅវេលាម៉ោង ៩ និង៣០ នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ មានខ្យល់កន្ត្រាក់ និងភ្លៀងមួយមេ បណ្ដាលឱ្យខូចខាត របើកដំបូលផ្ទះមួយខ្នងទំហំ ៦ម៉ែត្រគុណនិង៨ ម៉ែត្រ សាងសង់ពីឈើ ដំបូលនិងជញ្ជាំងធ្វេីអំពីស័ង្កសី របស់ឈ្មោះ ថន សោ និងភរិយាឈ្មោះ ឡុង ហ៊ីម  មានកូននៅក្នុងបន្ទុកចំនួន៤នាក់ ដែលគ្រួសារនេះមានជីវភាពលំបាកខ្វះខាតយ៉ាងខ្លាំង។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយសហការី ព្រមទាំងអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ បានរួមគ្នាជួយសាងសង់ជម្រកស្នាក់នៅជូនគាត់ ដោយបានឧបត្ថម្ភស័ង្កសីចំនួន៤០សន្លឹក សម្រាប់ប្រក់​ដំបូល​ និង​បាំងជញ្ជាំងជម្រកស្នាក់នៅថ្មី និងឧបត្ថម្ភអង្ករចំនួន៥០ គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។

លោក ថន សោ និងក្រុមគ្រួសារ មានសេចក្តីរំភើបចិត្តឥតឧបមារ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកា និងស័ង្កសី ព្រមទាំងបានជួយសាងសង់ជម្រកស្នាក់នៅជូនគាត់ជាថ្មីផងដែរ និងសូមគោរពជូនពរសម្ដេចនិងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ សូមទទួលបានព្រះពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយលោក សំនៀង អង្គភាពប្រម៉ាញ់ជាយដែន tv news




Theme images by Radius Images. Powered by Blogger.