ស្លាប់៣នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរ ខណៈរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង ប៉ះទង្គិចគ្នា

(ខេត្តកែប)៖ យ៉ាងហោចណាស់ មនុស្សបីនាក់បាន ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ខណៈរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿងបាន ប៉ះទង្គិចគ្នាយ៉ាងដំណំ នៅមុខស្ថានីយ៍ប្រេង ត្រង់ចំណុចផ្លូវកោង ខាងកើតរង្វង់ មូលសេះស ដោយហេតុការណ៍ គួរឱ្យរន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប រវាងម៉ូតូ១គ្រឿង និងរថយន្ត២គ្រឿង។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បាននិយាយថា ហេតុការណ៍ដ៏ ព្រឺព្រួចនេះ ពេលកើត ហេតុគ្មានសាក្សី ណាម្នាក់បានឃើញ ផ្ទាល់ភ្នែកនោះទេ ប៉ុន្តែគេដឹងថា រថយន្តម៉ាកនីសាន់ ធ្វើដំណើរមកពីកើតទៅលិច ចំណែករថយន្ត ខ្នាតធំធ្វើដំណើរមក ពីលិចទៅកើត ដោយឡែកម៉ូ១គ្រឿងម៉ាកC125 ដែលមាន មនុស្សជិះ២នាក់ធ្វើដំណើរ មកពីលិចទៅកើត ស្របគ្នាជាមួយ រថយន្តខ្នាតធំ ហើយគ្រោះថ្នាក់ នេះអាចបណ្តាល មកពីអ្នកបើកបរទាំង អស់មានការធ្វេស ប្រហែសដូចគ្នា ទើបមកដល់ចំណុច គ្រោះថ្នាក់ដែល ផ្លូវមានសភាពកោង ដូចដងនង្គ័ល ធ្វើឱ្យអ្នកបញ្ជាយាន យន្តគេចគ្នាមិនផុត ក៏ជួបរឿង អកុសលបែបនេះតែម្តង។

ជុំវិញករណីគ្រោះ ថ្នាក់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់នេះ នគរបាលចរាចរណ៍ បានបញ្ជាក់ថា ដើមចមបង្កការគ្រោះ ថ្នាក់នេះមិនទាន់ ហ៊ានអះអាងថាបង្កឡើង ដោយភាគីណា នៅឡើយទេ ខណៈករណីគ្រោះ ថ្នាក់ខាងលើសមត្ថកិច្ច កំពុងវាស់វែងនិង ស្រាវជ្រាវរកមូល ហេតុបន្ត។

សមត្ថកិច្ចបានឱ្យដឹងទៀតថា អ្នកស្លាប់ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរនេះ មានឈ្មោះ,១-ឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់) អ្នកបើកបរម៉ូតូ មុខរបរកសិករ មានទីលំនៅ ភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំព,២-ឈ្មោះ ម៉ៅ ញេប ភេទប្រុស អាយុ៦៩ឆ្នាំ (ស្លាប់)អ្នករួមដំណើរ មានទីលំនៅភូមិ អូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត,ទី៣-ឈ្មោះ ឈី វិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ (ស្លាប់) ជាអ្នកបើកបរ រថយន្តនីសាន់ មានទីលំនៅ ភូមិទទឹងថ្ងៃ  សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

បច្ចុប្បុន្ន ជនរង គ្រោះទាំង៣នាក់ ដែលស្លាប់ដោយ សារគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចកំពុង ស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិ ដើម្បីមក ទទួលយកសព ទៅកាន់លំនៅដ្ឋាន ដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *