ឧកញ៉ា ទៀ វិចិត្រ បន្ត​ជួយ​ឧបត្ថម្ភ​សម្ភារៈ​ចាំបាច់ ជូន​កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់ ដើម្បី​រក្សា​សន្តិសុខ​

(​ព្រះសីហនុ​)៖ លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី ស្ពីដ​ប៊ូត កម្ពុជា (G.T.V.C SPEEDBOAT CAMBODIA) និង​ជា​ស្ថាបនិក​ទីតាំង​ទេសចរណ៍​ឈ្មោះ «​ឆ្នេរ​ភ្លោះ​កោះ​ឋានសួគ៌​» នៅ​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។ លោក​បាន​ចាត់​តំណាងឲ្យ​នាំយក​វិទ្យុទាក់ទង (​អាយកូម​) ចំនួន ១១​គ្រឿង ទៅ​ឧបត្ថម្ភ​ជូន​កងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​កិច្ចការ​ប្រចាំថ្ងៃ ដើម្បី​រក្សា​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជា​ម្ចាស់​ទីកន្លែង​សម្រាកលំហែ «​ម៉ាហ្វីយ៉ា រី​ស៊ត (Mafiya Resort)» ផង​នោះ បានឲ្យដឹងថា វិទ្យុទាក់ទង (​អាយកូម​) ចំនួន​១១​គ្រឿង ដែល​បាន​ផ្តល់​ជូន​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ពេលនេះ ក្នុង​០១​គ្រឿង​មាន​តម្លៃ ១០៥​ដុល្លារ​អាមេរិក សរុប​ទាំងអស់​មាន​ចំនួន ១,១៥៥​ដុល្លារ​។​

​ឆ្លើយតប​ទឹកចិត្ត​មនុស្សធម៌​នេះ លោក​វរសេនីយ៍ត្រី ពៅ នាវ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់ បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ចាត់​តំណាងឲ្យ​នាំយក​វិទ្យុទាក់ទង (​អាយកូម​) ចំនួន​១១​គ្រឿង មក​ជួយ​ឧបត្ថម្ភ​ដល់​កម្លាំង​អាវុធហត្ថ​ស្រុក​ព្រៃនប់ សម្រាប់​យក​ប្រើប្រាស់ ក្នុង​សកម្មភាព​ចុះ​បំពេញ​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ជា​ប្រចាំ​ថ្ងៃ​នៅ​ពេល​នេះ​។​

​ឆ្លៀត​ឱកាស​នោះ​ដែរ លោក ពៅ នាវ ក្នុងនាម​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ ក៏​បាន​ជូនពរ លោក​ឧកញ៉ា ទៀ វិចិត្រ និង​ក្រុមគ្រួសារ ព្រមទាំង​សហការី សូមឲ្យ​មាន​សុខភាព​ល្អ សុភមង្គល និង​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ព្រមទាំង​ជំនួញ​ជួញដូរ​ផ្សេងៗ​។​

​សូម​រំលឹក​ថា ថ្មីៗ​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​ផ្តល់​ជូន​សម្លៀក​បំពាក់​ចំនួន ២៤​កំប្លេរ ដំបង​ភ្លើង​ចំនួន​៦ និង​ពិល​ចំនួន​២​ដើម ជូន​ប្រជា​ការពារ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ សម្រាប់​ចុះ​បំពេញ​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ការងារ​មនុស្សធម៌​នេះ គេ​តែង​ឃើញ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​នាំ​យក​សម្ភារៈ​ឧបត្ថម្ភ​មនុស្សធម៌​នេះ​ដោយ​ផ្ទាល់​ខ្លួន​លោក​ផង និង​ចាត់​តំណាង​របស់​លោក​ឲ្យ​នាំយក​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ ទាំង​ថវិកា និង​សម្ភារៈ​នានា យកទៅ​ផ្តល់ជូន​កងកម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជា​បន្តបន្ទាប់​នា​ពេលកន្លងមក ប្រយោជន៍​ចូលរួម​ចំណែក​លើ​សកម្ម​ភាព ថែរក្សា​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ ជាពិសេស ដើម្បី​ជា​លើ​ទឹកចិត្ត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ផង​ដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *