អ្នកនាំពាក្យ៖ សំណើពលរដ្ឋសុំឱ្យផ្លាស់ប្ដូរអភិបាលខេត្តបន្ទាយមានជ័យកំពុងស្ថិតក្នុងការស្រាវជ្រាវ

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ថា ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារនៅខេត្តបន្ទាយមានជ័យ ដែលប្តឹងសុំឱ្យមានការផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងខេត្តម្នាក់ បានចូលមកដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃហើយ។ អ្នកនាំពាក្យបានបញ្ជាក់ថា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានចាត់ចែងក្រុមការងារជំនាញចុះស៊ើបអង្កេតស្រាវជ្រាវលើករណីនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់រាយការណ៍ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ស្តាប់សម្លេង៖
ទាក់ទិននឹងករណីពលរដ្ឋប្រមាណជាង១០០គ្រួសារ ស្នើឱ្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីមហាផ្ទៃ ធ្វើការផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងខេត្តបន្ទាយមានជ័យ ចេញនេះ ពលរដ្ឋទាំងជាង១០០គ្រួសារអះអាងថា លោកអភិបាលខេត្ត និងលោកអភិបាលរងខេត្ត អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងគប់គិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារ និងធ្វើសកម្មភាពបំពានច្បាប់ជាដើម។
បើយោងតាមលិខិតរបស់ប្រជាពលរដ្ឋទាំងជាង១០០គ្រួសារ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន២ភូមិដែលរស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានទំនាស់ដីធ្លីជិត២០ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរមិនអាចដោះស្រាយបាន។ លោកអភិបាលខេត្ដបន្ទាយមានជ័យធ្លាប់បានចេញសេចក្ដីជូនដំណឹងស្ដីពីការចុះរៀបចំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរវាងសមាគមន៍អភិវឌ្ឍន៍ជាតិជាមួយពលរដ្ឋ ប៉ុន្ដែការដោះស្រាយពុំមានភាពយុត្ដិធម៌ និងតម្លាភាពទេ។ ការដោះស្រាយមួយបែបទៀត គឺឱ្យប្រជាពលរដ្ឋធ្វើលិខិតសះជា ហើយតម្រូវឱ្យបង់លុយទៅឱ្យសមាគមន៍ក្នុង១ម២ ១០ដុល្លារទៅ១២ដុល្លារតាមទំហំដីជាក់ស្ដែង។ ពលរដ្ឋបន្ដថា ចំពោះអ្នកដែលមិនព្រមបែងចែកដីជា២ចំណែក ឬមិនបង់លុយឱ្យសមាគម ត្រូវរងការគំរាម ប្ដឹងទៅតុលាការ ចាប់ដាក់ពន្ធនាគារ ហើយអ្នកដែលបានបង់លុយរួចក៏នៅពុំទាន់ទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់។
ដោយឡែក បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ដបន្ទាយមានជ័យវិញ ករណីប្រជាពលរដ្ឋចំនួន១៧០គ្រួសារ ដែលមានវិវាទជាមួយសមាគមអភិវឌ្ឍន៍កសិកម្មជាតិ គឺកើតឡើងដោយសារទីតាំងដីស្ថិតក្នុងសាលក្រមស្ថាពរលេខ៧៨ “ក” ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបញ្ជាក់ទៀតថា ទីតាំងដីប្រជាពលរដ្ឋ១៧០គ្រួសារ ស្ថិតនៅក្នុងភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនធំបានសម្របសម្រួលបញ្ចប់ទំនាស់ដោយផ្ទាល់ជាមួយខាងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ដោយពួកគេបានព្រមព្រៀងទូទាត់ប្រាក់ចំនួន១០ដុល្លារ/ម២ជូនខាងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ហើយការទូទាត់នេះពុំមានការបង្ខិតបង្ខំពីអាជ្ញាធរឬភាគីណាមួយឡើយ គឺជាការស្ម័គ្រចិត្តរបស់គូភាគី ដោយក្រុមការងារជាអ្នករៀបចំឯកសារកិច្ចព្រមព្រៀងជូនតែប៉ុណ្ណោះ។ លើសពីនេះក៏មានប្រជាពលរដ្ឋមួយចំនួនដែលពុំមានលទ្ធភាព ក៏ខាងសមាគមអភិវឌ្ឍន៍កសិកម្មជាតិលើកលែងជូនពួកគេដែរ៕….

You might like

Leave a Reply

Your email address will not be published. Required fields are marked *