ពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងច្រើនកុះករក្នុងកាស៊ីណូ «ចក្រវាលជាយដែន» នៅស្រុកពញ្ញាក្រែក សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាននាំគ្នារក្សាភាពស្ងាត់..!!!

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានកំពុងនាំគ្នាចូលទៅលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងក្នុងកាស៊ីណូ «ចក្រវាលជាយដែន» នៅចំណុចចម្ការកៅស៊ូ ក្បែរច្រកទ្វារតំបន់ ព្រំដែនត្នោត ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដែលមជ្ឈដ្ឋានអ្នកច្បាប់បានដឹងគ្រប់ៗគ្នាថាបើជាគោលការណ៍កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូនោះឡើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ប្រភពព័ត៌មានបន្តថា បើខ្មែរចូលលេងល្បែងគឺជារឿងខុសច្បាប់១០០%ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ។ ប៉ុន្តែផ្ទុយទៅវិញ កាស៊ីណូ «ចក្រវាលជាយដែន»ខាងលើបែរជាបើកលេងល្បែងស៊ីសងជាប្រចាំដោយភ្នាល់ចាក់លុយធំៗ និងកៀងគរឱ្យជនជាតិខ្មែរ ចូលលេងល្បែងយ៉ាងច្រើននាក់ដោយពុំមានការទប់ស្កាត់ឡើយ ដោយសកម្មភាពទាំងនេះ តើអាចមកពីអាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ? បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថាកាស៊ីណូ «ចក្រវាលជាយដែន»ខាងលើ បានបើកលេងជាប្រចាំតែម្ដងដោយក្នុង១សប្ដាហ៍ លេង៦ថ្ងៃ អត់លេងតែថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះដែលក្រុមអ្នកញៀនល្បែងតែងតែប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូ «ចក្រវាលជាយដែន»ជាប្រចាំ។ ដោយភាគច្រើនជាពលរដ្ឋកម្ពុជាមកពីភ្នំពេញ កំពង់ចាម វិហារសួគ៌ ខេត្តកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀតជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង បញ្ជល់មាន់ បៀរ អាប៉ោង យូគី រួមនិងល្បែងស៊ីសងផ្សេងៗទៀត ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុតក្នុងកាស៊ីណូខាងលើនេះ។ ក្នុងនោះក៏មានជនជាតិវៀតណាមមួយចំនួនបានសម្រុកឆ្លងដែនចូលមកលេងល្បែង ក្នុងកាស៊ីណូ «ចក្រវាលជាយដែន» តាមច្រកទ្វារតំបន់ព្រំដែនត្នោត ដោយពុំមានការត្រួតពិនិត្យ និងគ្មានមានលិខិតស្នាម ប៉ាស្ព័រថែមទៀតផង។ ខណៈអាជ្ញាធរមូលដ្ឋានរួមនិងសមត្ថកិច្ចនគរបាលការពារព្រំដែនគោក ប្រចាំនៅច្រកទ្វារតំបន់ ព្រំដែនត្នោត បានរក្សាភាពស្ងៀមស្ងាត់ បង្ករជាក្ខណៈងាយស្រួល នឹងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ «ចក្រវាលជាយដែន» ក៏ដូចជាជនអន្តោរប្រវេសន៍វៀតណាម ដែលចូលមកលេងល្បែងនៅទីនោះ។ ទាក់ទិនករណីខាងលើនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការស្រុកពញាក្រែក បានប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា ករណីខាងលើ លោកនឹងចុះពិនិត្យ។ រីឯលោក ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំបាននិយាយថាមេឃកំពុងភ្លៀងខ្លាំង ស្ដាប់មិនច្បាស់ទេ។ គួរបញ្ជាក់ថា ស.ជ.ណ សម្រាប់បើកអាជីវកម្ម «កាស៊ីណូ» និងអាជ្ញាប័ណ្ណសម្រាប់ផ្ដល់ឱ្យ«កាស៊ីណូ» ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ។ ពោលគឺគោលការច្បាប់គេតម្រូវឱ្យតែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន ប៉ាស្ព័រ បានចុះលេខ ប្រថាប់ត្រាត្រឹមត្រូវ លេងល្បែងប៉ុណ្ណោះ ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង។ប៉ុន្តែផ្ទុយទៅវិញ «កាស៊ីណូ»ខាងលើ បែរជាបើកដំណើរការអាជីវកម្ម ដោយកៀងគរឱ្យខ្មែរ ចូលលេងល្បែង ហើយក៏មានជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកលេងល្បែងថែមទៀត។ ទាក់ទិនករណីខាងលើ មហាជនសំនូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចចុះស្រាវជ្រាវ បង្ក្រាប ឬទប់ស្កាត់ឲ្យបានទាន់ពេលវេលាផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *