អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាព ផលប៉ះពាល់បរិស្ថាន ដែលកើតចេញពី ក្រុមហ៊ុនកែរច្នៃរ និងវេចខ្ចប់កសិផល ដើម្បីសហការរកដំណោះស្រាយ..!!!

(ខេត្តប៉ៃលិន)៖ ក្នុងយន្តការដោះស្រាយ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានបានទាន់ពេលវេលា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ អញ្ជើញចុះពិនិត្យមើលស្ថានភាព និងផលប៉ះពាល់បរិស្ថាន ដែលកើតចេញពីក្រុមហ៊ុនកែរច្នៃរ និងវេចខ្ចប់ផ្លែស្វាយសម្រាប់នាំចេញ ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសហការរកដំណោះស្រាយជាមួយក្រុមហ៊ុន បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ នាំគ្នាផ្តិតមេដៃ ស្នើសុំកិច្ចអន្តរាគមន៍ បន្ទាន់ពីអាជ្ញាធរខេត្តប៉ៃលិន ។

ក្នុងឱកាសនោះ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែ នាំដល់ ក្រុមហ៊ុនចិន «ឆៃសិន» ដែលកំពុងកែរច្នៃរ និងវេចខ្ចប់ផ្លែស្វាយ សម្រាប់នាំចេញ ត្រូវបញ្ឈប់ការបង្ហូរ កាកសំណល់ផ្លែស្វាយ និងទឹកស្អុយមានសារធាតុគីមីពុល ចូលទៅក្នុងប្រឡាយ ឬ អូរធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើ អោយ ប៉ះពាល់ដល់ជីវភាព រស់នៅប្រចាំថ្ងៃ និងសុខមាលភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនេះ ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ លើកឡើងថា៖ ស្របតាមផែនការជាតិ និងផែនការសកម្មភាព បរិស្ថានឆ្នាំ ២០១៦-២០២៣ ត្រូវបានអនុម័តដោយរាជ រដ្ឋាភិបាលក្នុងឆ្នាំ ២០១៧ និងស្របតាមមាត្រា ៥៩ នៃរដ្ឋធម្មនុញ្ញគឺគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមសហការគ្នា ចូលរួមកាត់បន្ថយ បញ្ហាបំពុលបរិស្ថានក្នុងទឹក ដី និងខ្យល់ ព្រមទាំងអភិរក្សធន ធានធម្មជាតិជីវចម្រុះនានា នោះកម្ពុជានឹងមានបរិស្ថាន ធម្មជាតិស្រស់បំព្រោង ប្រកបដោយនិរន្តរភាព ។

លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ ជំរុញដល់ក្រុមហ៊ុន ត្រូវសហការជា មួយមន្ត្រីជំនាញពាក់ព័ន្ធ  ដើម្បីធ្វើការសិក្សា និងរៀបចំបំពាក់អាង ប្រព្រឹតិ្ដកម្មសំណល់រាវ តាមលក្ខណៈបច្ចេកទេស ជាសវាងការបង្ហូរទឹកស្អុយ និងសារធាតុគីមីចូលទៅក្នុងប្រឡាយ ឬ អូរធម្មជាតិ និង ដីកម្មសិទ្ធិឯកជនរបស់ ប្រជាពលរដ្ឋ ដែលមានលំនៅឋាន ក្បែរទីតាំងក្រុមហ៊ុន ដោយបង្កជាផលប៉ះពាល់ដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ និង ការបំពុលប្រភព ទឹកសាធារណៈ ជាដើម។ ដោយលោក ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *