សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យសិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុក​អ្នកបង្កគ្រោះថ្នាក់​ចរាចរណ៍ដល់អនីតិជន..!!!

ភ្នំពេញ÷សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគ ណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានស្នើឱ្យមន្ដ្រីក្រោមឱវាទ​សិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន និងត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់រក្សារហូតដល់អាយុ ១៨ឆ្នាំ។

ការស្នើរបស់សម្ដេច​ក្រឡា​​ហោមនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា៖ «ខ្ញុំ មើលព័ត៌មាននៅសហរដ្ឋ​អាមេរិក អ្នកបើកបរបង្កគ្រោះថ្នាក់ ទៅដល់រងទុក្ខជាអ្នកអនីតិជន អ្នកនោះឯង ត្រូវទទួល​ខុសត្រូវចិញ្ចឹមបីបាច់ថែរក្សា រហូតដល់អាយុ ១៨ឆ្នាំ។ សូមឱ្យ ឯកឧត្តម-លោកជំទាវ ត្រូវ​ស្រាវ​ជ្រាវករណីនេះ ហើយក៏ជាជំនួយស្មារតីមួយដែរ ដើម្បីដាក់ទោស ឬក៏ដាស់តឿន ទៅ​ដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម​បានថ្លែងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យធ្វើការត្រួត​ពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និង ដោះស្រាយបញ្ហា​ប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផលការងារសុវត្ថិភាព​ចរា​ចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣។ សម្ដេចក្រឡាហោមក៏បានអំពាវនាដល់បណ្ដាលក្រុមហ៊ុនដឹកជញ្ជូន កុំដឹកលើស​ទម្ងន់ នាំឱ្យផ្លូវថ្នល់ឆាប់ខូច ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន​ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២ ៩៧៦ លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៧០៩ នាក់ និងរបួសចំនួន ៤ ០២៦ នាក់ (របួសធ្ងន់ ២ ៥៧៩ នាក់)។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៧២នាក់ ខេត្តកណ្តាលចំនួន ១៥៧​នាក់ និងខេត្តកំពង់ចាម ចំនួន ១៣១នាក់។ មូលហេតុបណ្តាលឱ្យ មានគ្រោះថ្នាក់គឺ​បើក​បរ​លើស​ល្បឿនកំណត់៣៩ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្តាំ១១ភាគរយ វ៉ាជែង១០ភាគរយ បត់៩ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្ត៣ភាគរយ និងងងុយ​១ភាគរយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *