អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ - PMC-News

អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ខេត្តប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន​​បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលខេត្ត បានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុ​ភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញ​ចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្ត​ប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរ​ព្រំ​ដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះ​អាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់​ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បន្ទាប់ពីប្រទេសថៃបានបង្កសង្រ្គាមឈ្លានពាន រយៈពេល ៥ថ្ងៃ នៅតាមព្រំដែនជាមួយកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែច្រើនឡើងៗ បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត​វិញ តាមច្រកទ្វារព្រំដែនមួយចំនួន រួមទាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនផងដែរ។

សូមបញ្ជាក់ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងចំណោមច្រកអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនៅមុនពេលមានជម្លោះព្រំដែនកើតឡើង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានភ្ញៀវទេសចរណ៍ ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ត្រីជួរមុខទាំងទ្វេរភាគី កម្ពុជា និង ថៃ ផងដែរ៕
ដោយលោក÷ស សារឿន អង្គភាព ប្រម៉ាញ់ជាយដែនធីវី







Theme images by Radius Images. Powered by Blogger.