ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការីគោរពវិញ្ញាណក្ខន្ធសពវិរៈយុទ្ធជនពលីក្នុងសមរភូមិ នៅស្រុកតាំងគោក ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីទៅគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលីលោក វរសេនីយ៍ត្រី ប៊ូ ផូ នៅអង្គភាពវរសេនាតូចលេខ៣៨២ កងពលតូចលេខ៨ ចំណុះកងពលធំលេខ៣ ដែលបានពលីជីវិតកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្នុងសមរភូមិការពារបូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ភូមិវាលតូច ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់វីរយុទ្ធជនរបស់យើងដែលបានលះបង់អាយុជីវិតដ៏អង់អាចខ្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដីពីសំណាក់ពួកចោរសៀមឈ្លានពាន ។ ហើយការលះបង់ដ៏ធំធេងនេះ យើងខ្ញុំទាំងអស់គ្នាជាប្រជាជនកម្ពុជាចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ ។ ជាមួយនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានសំណេះសំណាល និងជម្រាបជូនក្រុមគ្រួសារសពថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវគុណូបការ:ដ៏ថ្លៃថ្លានេះ ចារឹកទុកជាប្រវត្តិសាស្រ្ត និងរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនក្រុមគ្រួសារសពឲ្យបានសរម្យ និងពិនិត្យមើលអំពីស្ថានភាពផ្ទះរបស់វីរយុទ្ធជនពលីក្នុងករណីមិនសមរម្យ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនគាត់ ឲ្យមានជម្រកស្នាក់នៅបានសមរម្យ ដោយឡែកចំពោះគ្រួសារយោធិនពលី ឬពិការ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលនូវបំណុលទាំងស្រុងផងដែរ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការគោរពដឹងគុណមិនអាចបំភ្លេចបាន នូវវីរភាពអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីនេះ ដោយបានលំអោនកាយគោរពវិញ្ញាណក្ខន្ធ ដោយក្តីក្តុកក្តួលរំជួលចិត្ត ជាទីបំផុត និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនយើង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយលោក សំនៀង អង្គភាពប្រម៉ាញ់ជាយដែន tv


Post a Comment