អភិបាលខេត្តកែប អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស
ខេត្តកែប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យ សំណេះសំណាល និងបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
តាមរយៈរបាយការណ៍របស់លោក ងួន ចន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ខេត្តមានមណ្ឌលប្រឡងចំនួនពីរគឺ៖ ទី១-មណ្ឌលវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស (ជើង) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយប្រើប្រាស់អគារសិក្សាចំនួន ១ខ្នង ៣ជាន់ មាន ១៨បន្ទប់ មានបេក្ខជនសរុប៣១៩នាក់ ស្រី១៨៥នាក់ និងទី២-មណ្ឌលវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស (ត្បូង) សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ប្រើប្រាស់អគារសិក្សាចំនួន ១ខ្នង ៤ជាន់ មានចំនួន ២៤បន្ទប់ មានបេក្ខជនសរុប ៣០៧នាក់ ស្រី ១៨២នាក់។ មណ្ឌលទាំង ២នេះ មានទីតាំងស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលមានអគ្គីសនី ទឹកស្អាត និងបន្ទប់ទឹកប្រើប្រាស់គ្រប់គ្រាន់។ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលជាបេក្ខជនប្រឡងទាំងអស់ត្រូវប្រមូលអារម្មណ៍ និងខិតខំឱ្យអស់ពីសមត្ថភាព សរសេរដោយភាពប្រុងប្រយ័ត្នខ្ពស់ ដោយបានគូសបញ្ជាក់ថាអ្នកចេះគឺជាប់៕



Post a Comment