ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥ នៅមណ្ឌលវិទ្យាល័យកំពង់ធំ
រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីបើកហិបប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅមណ្ឌលវិទ្យាល័យកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្តកំពង់ធំ កងកម្លាំងទាំង៣ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត អង្គភាពប្រឆាំងអំពើពុករលួយACU លោកប្រធានមណ្ឌល លោកគ្រូ អ្នកគ្រូ ជាអនុរក្សផងដែរ។លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានឱ្យដឹងថាក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនទាំងអស់បានចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី/ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ។ បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានធ្វើការលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥នេះ ត្រូវខិតខំសរសេរវិញ្ញាសាដោយប្រុងប្រយ័ត្ន និងពិនិត្យមើលឱ្យបានត្រឹមត្រូវច្បាស់លាស់សរសេរឱ្យបានត្រូវច្រើនល្អ ដើម្បីយកលទ្ធផលបានជោគជ័យនិងទទួលបាននិទ្ទេស A ឱ្យបានច្រើននៅពេលប្រកាស់លទ្ធផលនាពេលខាងមុខ។
ឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។
សូមបញ្ជាក់ផងដែរថា សម្រាប់មណ្ឌលប្រឡងនៅក្នុងខេត្តកំពង់ធំមានចំនួន១៣មណ្ឌល ចំនួនបន្ទប់មាន២៣៤បន្ទប់ បេក្ខជនប្រឡងមានចំនួន៥.៧៩៥នាក់ ស្រី៣.៣១៩នាក់។ មានការបែងចែក២មុខវិទ្យាគឺ ថ្នាក់វិទ្យាសាស្រ្តមាន០២មណ្ឌល មានបន្ទប់៥១បន្ទប់ ថ្នាក់វិទ្យាសាស្រ្តសង្គមមាន១១មណ្ឌល មានបន្ទប់១៨៥បន្ទប់ផងដែរ។ដោយលោកសំនៀង




Post a Comment