អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាប ទីតាំងខារ៉ាអូខេយីហោ «ដឹឃ្វីន» ប្រើប្រាស់សារធាតុញៀន - PMC-News

កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាប ទីតាំងខារ៉ាអូខេយីហោ «ដឹឃ្វីន» ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ  និងប្រើប្រាស់សារធាតុញៀន  ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» (The Queen) ស្ថិតនៅសង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ដោយឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់។


ជនសង្ស័យចំនួន១៦នាក់  ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន  រួមមាន៖  ម្ចាស់ទីតាំងម្នាក់ជាមេក្លោង,  បុគ្គលិកចំនួន១៣នាក់ (សមគំនិត)  និងអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ដោយឡែកជនបរទេសដែលប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់  ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ  ឲ្យបញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍  ដើម្បីចាត់ការបន្តទៀត  ដោយមិនឲ្យបញ្ជូនមកកាន់  មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះទេ។

មនុស្សចំនួន ៣៤នាក់ទៀត  ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  ដើម្បីចាត់ការបន្ត។
ប្រតិបត្តិការនេះ  តាមសេចក្តីរាយការណ៍បានឲ្យដឹងថា  អាចមានមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវចាប់ខ្លួន  ប៉ុន្តែមុនពេលកម្លាំងនគរបាលចុះបង្ក្រាប  មានអ្នកលួចរាយការណ៍ទៅម្ចាស់ទីតាំង  ទើបមានជនបរទេសជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួន។

តាមបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  កាលពីពេលកន្លងទៅ, សម្រាប់ជនបរទេសទាំងឡាយណា  ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា រាប់ទាំងបទល្មើសគ្រឿងញៀនផងនោះ  ត្រូវតែផ្តន្ទាទោសតាមច្បាប់  រួចហើយធ្វើការបណ្តេញចេញពីប្រទេស  ហើយសម្រាប់ជនបរទេសដែលប្រើប្រាស់  ក៏ត្រូវរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ដោយមិនបញ្ជូនទៅកាន់មណ្ឌលកែប្រែនោះទេ។
ផ្សាយដោយអង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv news




Theme images by Radius Images. Powered by Blogger.