លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា នាំយកអំណោយ សម្តេចធិបតី និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក
កំពង់ឆ្នាំង÷នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និង ក្រុមការងារយេនឌ័ររបស់អង្គភាព នាំយក អង្ករ ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋជាស្ត្រីមេម៉ាយ ឈ្មោះ ឌំ ចន្ធី អាយុ២៨ឆ្នាំ មានកូនតូចៗចំនួន០៣នាក់ និងក្នុងផ្ទៃ០១នាក់ទៀត ព្រមទាំងមានម្តាយចាស់កំពុងរស់នៅជាមួយផង មានជីវភាពលំបាកខ្លាំង ។
តាមការសាកសួររបស់ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានដឹងថា គាត់មានប្តី ឈ្មោះ រឿន សារ៉ាន់ អាយុ៣២ឆ្នាំ បានទៅធ្វើកម្មករ នៅខេត្តពោធិ៍សាត់ ហើយបានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ក្នុងពេលធ្វើដំណើរមកលេងប្រពន្ធកូន កាលពីជាង១ខែមុននេះ ទើបធ្វើឲ្យបន្ទុកគ្រួសារត្រូវគាត់ជាអ្នករ៉ាប់រងទាំងស្រុង ដោយប្រកបរបរស៊ីឈ្នួលបោកគក់ខោអាវឲ្យគេទាំងខ្លួនកំពុងពពោះកូនផង ដោយទទួលបានកំរ៉ៃត្រឹម ១ម៉ឺន ទៅ ២ម៉ឺនរៀល តាមខោអាវតិច ឬច្រើន ហើយជួនកាល១អាទិត្យ ទើបគេហៅឲ្យទៅបោកឲ្យគេម្តង ។ ដោយឡែក ផ្ទះដែលកំពុងរស់នៅនេះ គឺគាត់ខ្ចីធនាគារចំនួន ៥០០០ដុល្លារ មកសាងសង់ ដោយពឹងលើប្រាក់ចំណូលរបស់ប្តីគាត់់ ដើម្បីបង់សងទៅធនាគារវិញ ប៉ុន្តែការបង់សងទើបតែបានពាក់កណ្តាល ប្តីគាត់ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តែម្តង ។
ដោយក្តីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានឧបត្ថម្ភថវិកាផ្ទាល់របស់ឯកឧត្តមចំនួន ២០ម៉ឺនរៀលទៀត ដល់កូនៗរបស់គាត់ ដើម្បីទុកសម្រាប់ដោះស្រាយការសិក្សារៀនសូត្រ ជាបន្តទៀត ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សំណូមពរ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក មេត្តាពិនិត្យលទ្ធភាព និង ជួយឧបត្ថម្ភដល់ពួកគាត់ផង ព្រោះតាមការមើលឃើញជាក់ស្តែង គឺគាត់ពិតជាលំបាកខ្លាំងណាស់ ។
Post a Comment