រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅដើមខែកុម្ភៈនេះ
ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បង “ផ្លូវថ្មើរជើង (Walk Street)” នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦:០០ល្ងាច រហូតដល់ម៉ោង ១១:០០យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង(ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងសេចក្តីជូនដំណឹងដដែល ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទ តាមពេលវេលា និងម៉ោងដូចបានជម្រាបឃូនខាងលើ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើង ដូចខាងក្រោម៖
ទី១. បិទកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ប្រវែង ១.៩៣៥ម៉ែត្រ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណងមកដើរកម្សាន្ត សូមមេត្តាប្រើប្រាស់មធ្យោបាយសាធារណៈ ជំនួសឱ្យការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន៕
Post a Comment