ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ!
អគ្គនាយកដ្ឋានធនធានមនុស្ស ជាអង្គភាពថ្មីមួយ ក្នុងចំណោមអង្គភាពថ្មីចំនួន២ នៃក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត ដោយអនុក្រឹត្យលេខ ២៧៨អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា មាត្រា៤ នៃអនុក្រឹត្យខាងលើនេះ បានចែងអំពីការផ្ទេរនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ខណៈមាត្រា៥ កំណត់រចនាសម្ព័ន្ធនៃអគ្គនាយកដ្ឋាននេះ រួមមានទី១-នាយកដ្ឋានរដ្ឋបាលសរុប ទី២-នាយកដ្ឋានបុគ្គលិកនគរបាលជាតិ ទី៣-នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ទី៤-នាយកដ្ឋានគោលនយោបាយ។ ក្នុងចំណោម តួនាទីភារកិច្ចមានកំណត់ក្នុងអនុក្រឹត្យមួយផ្សេងទៀត លេខ២៨៥ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីជាសេនាធិការជូនរដ្ឋមន្រ្តីលើការងារគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ រៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស ផែនការជ្រើសរើសក្របខ័ណ្ឌថ្មី ពិនិត្យនឹងផ្តល់យោបល់លើសំណើដំឡើងឋានន្តរស័ក្តិ និងថ្នាក់មន្រ្តី ការលុបឈ្មោះចេញពីក្របខ័ណ្ឌ ផ្លាស់ប្តូរ សម្រួល ភារកិច្ច ដាក់វិន័យ និងដកហូតមុខតំណែងជាដើម។ នេះបើតាមអ្នកនាំពាក្យរងដដែល។ សូមបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្ស បង្កើតឡើងស្របគ្នា និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ បច្ចុប្បន្ន អគ្គនាយកដ្ឋាននេះ មានឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ជាអគ្គនាយក។ ក្រសួងមហាផ្ទៃមានអង្គភាពចំណុះចំនួន១៥។ បើតាមលោកបណ្ឌិត ទូច សុឃៈ ការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ជាការបញ្ជាក់ច្បាស់នូវឆន្ទៈដ៏មោះមត់របស់សម្ដេចធិបតី ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ ក្នុងការពង្រឹងគុណភាពនៃកំណែទម្រង់ធនធានមនុស្សនៅក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្រ្តបច្ចកោណ៕
Post a Comment