អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? - PMC-News

តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ?

ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផែនការដែលមានចក្ខុវិស័យលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ឆ្លើយតបបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសបញ្ហា និងតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះនានា ប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន។ ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ដោយប្រកាសអន្តរក្រសួង ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្រ្តីចំនួន៣ក្រសួងរួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រីនៅកន្លែងបំពេញការងារ ព្រមទាំងអនុវត្តតួនាទី ភារកិច្ច និងសក្តានុពលរបស់ខ្លួន ដើម្បីឈានទៅពង្រឹងការធ្វើសេចក្តីសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ។
បើតាមលោកបណ្ឌិត ទូច សុឃៈ  ដើម្បីសម្រេចគោលដៅបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ផែនការនេះ មានយុទ្ធសាស្ត្រ៤ចំណុចធំៗរួមមាន ទី១.ការពិនិត្យ ការរៀបចំ និងការកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ និងលើកទឹកចិត្តក្នុងការបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទី២.ការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកជាស្ត្រី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទី៣.ការបង្កើនបរិយាកាស មេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី នៅកន្លែងបំពេញការងារ និងការអនុវត្តតួនាទី ភារកិច្ចរបស់ស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងយុទ្ធសាស្ត្រទី៤.ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ស្ដីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សូមបញ្ជាក់ថា ផែនការនេះ គឺជាផែនការថ្មី បន្ទាប់ពីផែនការចាស់បានអនុវត្តក្នុងឆ្នាំ ២០១៧-២០១៩ និងបន្តមកដល់ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលមួយចំនួន  រួមមាន ស្ត្រីត្រូវបានតែងតាំងនៅក្នុងរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងជួរគណៈអភិបាលយ៉ាងតិច១រូប បានតែងតាំងស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី-ខេត្ត មានអភិបាល អភិបាលរង នាយករដ្ឋបាល នាយករងរដ្ឋបាល និងនាយកទីចាត់ការ កើនឡើង២៨រូប ដោយក្នុងឆ្នាំ២០១៦មាន៤៨រូប ឆ្នាំ២០២២មានចំនួន ៧៦រូប បានតែងតាំង ស្ត្រីក្នុងមុខតំណែង គ្រប់គ្រងនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ មានអភិបាល អភិបាលរង នាយករដ្ឋបាល នាយករងរដ្ឋបាល និងប្រធានការិយាល័យ ដោយកើនឡើងពី៣៩០រូប ពោលគឺក្នុងឆ្នាំ២០១៦មាន៣៧៦រូប ឆ្នាំ២០២២មានដល់៧៦៦រូប៕

Theme images by Radius Images. Powered by Blogger.