កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ០៤នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀ…

(បន្ទាយមានជ័យ)÷ នៅវេលាម៉ោង០២និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ នៅចំណុចក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ១២កូនថង់កិប ទម្ងន់ ១៣,២៩ក្រាម, កញ្ឆា ចំនួន ០៤ថង់កិប ទម្ងន់ ៥៤,២ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅរូបកែវកាហ្វេ ចំនួន ០១កញ្ចប់ ទម្ងន់ ៣៨,៨៤ក្រាម, កញ្ចប់ម្ស៉ៅចម្រុះពណ៌ មានអក្សរLemon Zkittlez ចំនួន ០១កញ្ចប់ ទម្ងន់ ១៥,៧៦ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកYAMAHA NMAX ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ), ទូរស័ព្ទ ចំនួន ០៤គ្រឿង(ម៉ាកSamsung ពណ៌ស្វាយ ០២គ្រឿង, ខូច ០២គ្រឿង), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង រួមនឹងវត្ថតាង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹថា មុនឈានដល់ការបង្រា្កបករណីខាងលេី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីសន្តិសុខ យាមក្លឹបMEX CLUB ថាមានជនសង្ស័យជនជាតិថៃបានជិះម៉ូតូចំនួន០១គ្រឿងដេីម្បីចូលក្នុងក្លឹប ពេលនោះសន្តិសុខបានសុំធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញមានគ្រឿងញៀនមួយចំនួន ក៏បានរាយការណ៍មកកម្លាំងកងរាជអាវុធហត្ថតែម្តង។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេីឈ្មោះ ចាក់ខាវ៉ាន សេតថាក់ស៊ុបមេក ហៅ ថប់ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា ចំនួន ០៨ថង់កិប ទម្ងន់ ៨,៤២ក្រាម ហើយនាមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងបានចុះឆែកឆេរផ្ទះស្នាក់នៅរបស់ជនសង្ស័យនៅចំណុចផ្ទះលេខB៩៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញវត្ថុតាងរួមមាន គ្រឿងញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ក្នុងនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ជាអ្នកប្រើប្រាស់គ្រឿងញៀន រួមមាន ៖ ១.ឈ្មោះ ណាតតាផន ឆូតទិបុត ហៅ មីន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិថៃ, ២.ឈ្មោះ សាត់ថាយ៉ា ថៃក្រាក់ថុក ហៅ តាក់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ, ៣.ឈ្មោះ សាក់ស៊ីថត ស៊ូវ៉ាន់ណាសាក់ ហៅ ផេត ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិថៃ។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផងពិតប្រាកដមែន ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *