អភិបាលខេត្តអញ្ជើញ ចុះពិនិត្យទីតាំងគម្រោង អភិវឌ្ឍន៍តំបន់បៃតង និងលទ្ធផលសំណង់ ស្ពានត្រើយកោះ ព្រមទាំងជួបជា មួយប្រជាពលរដ្ឋ ១៣គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី ក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត

(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយន ឯកឧត្តម អភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញ ចុះពិនិត្យស្វែងយល់ដល់ ទីតាំងជាក់ស្ដែង ដើម្បីជំរុញពន្លឿន ការអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈម សំណូមពរជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ឯកឧត្តមអភិបាលខេត្ត បានដាក់គោលដៅ ចំនួនបី គឺ៖  ១-ការពិនិត្យទីតាំងនិងជំរុញ ការសិក្សានៃគម្រោងអភិវឌ្ឍន៍ តំបន់បៃតងមួយកន្លែង ជាប់មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ , ២-ការពិនិត្យលទ្ធផល និងជំរុញល្បឿនសំណង់ ស្ពានបេតុងត្រើយកោះជា អំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន ,៣-ការជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ចំនួន១៣គ្រួសារ ដែលកំពុងរស់នៅ លើដីចំណីព្រែកក្នុងភូមិ ទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដែលបានសំណូមពរ ដល់មន្ត្រីជំនាញ ក៏ដូចជារដ្ឋបាលខេត្ត ជួយផ្ដល់ចេញប្លង់ ប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

មានប្រសាសន៍នៅក្នុង ឱកាសនោះពាក់ព័ន្ធគោល ដៅការអភិវឌ្ឍន៍តំបន់បៃតង នៃតំបន់នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបាន លើកឡើងថា ទីតាំងនេះមានទេសភាព ស្អាតមានការទាក់ទាញទេសចរណ៍ ក៏ដូចជាការបម្រើដល់ ការកម្សាន្តលំហែកាយ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របទៅនឹង សម័យកាលបច្ចុប្បន្ន ដែលរដ្ឋបាល និងប្រជាពលរដ្ឋទាមទារ ការអភិវឌ្ឍន៍ជាសំខាន់ ហើយការអភិវឌ្ឍន៍ នោះទៀតសោត ត្រូវធានាដល់និរន្តរភាព និងការកាត់បន្ថយផលប៉ះ ពាល់ជាទូទៅឲ្យបានច្រើន បំផុតផង។

ដូច្នេះ អាជ្ញាធរជំនាញ និងប្រជាពលរដ្ឋត្រូវ រួមសហការគ្នាដើម្បីដោះ ស្រាយបញ្ហាប្រឈមជា មួយគ្នាប្រកបដោយ ភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណា ឲ្យការអភិវឌ្ឍនេះក្លាយជា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងបានបម្រើប្រជាពលរដ្ឋ ឱ្យទទួលបានជោគជ័យ។

ពាក់ព័ន្ធនឹងដំណើរការ សាងសង់ស្ពានបេតុង ត្រើយកោះ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិបាល ខេត្តក៏បានចាត់ទុក ស្ពាននេះគឺមានសារៈ សំខាន់សម្រាប់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ពិសេសការដឹក ជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹង ទំនិញសម្ភារៈផ្សេងៗគ្រប់សារពើ។ ដូច្នេះសូមឲ្យជំនាញនិង អាជ្ញាធររួមនិងប្រជា ពលរដ្ឋសហការគ្នាឲ្យបានល្អ ដើម្បីឲ្យល្បឿននៃ ការសាងសង់នេះបានឆាប់ ចប់តាមគម្រោងនៅចុងឆ្នាំ  ២០២១នេះ ។

ចំណែកការឆ្លើយតប បញ្ហាសំណូមពរនឹង ដោះស្រាយជូន ប្រជាពលរដ្ឋទាំង ១៣គ្រួសារ ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏ បានលើកបញ្ជាក់ថា បញ្ហាប្រឈមនៃ ការចេញប័ណ្ណកម្មសិទ្ធ ជូនពលរដ្ឋ ក្នុងសង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ នៅមិនទាន់បានចេញ នៅឡើយដោយសារបញ្ហា ស្មុគស្មាញពាក់ព័ន្ធ លំនៅដ្ឋានទាំងនោះស្ថិត នៅលើចំណីព្រែក និងលើទឹកព្រែកតែម្តង  ប៉ុន្តែពលរដ្ឋនៅតែ សំណូមពរចង់បាន។

តែទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថាបញ្ហានេះ រដ្ឋបាលខេត្តតែងតែ បានយកចិត្តទុកដាក់ ជំរុញឲ្យជំនាញកំពុងសិក្សា ដើម្បីផ្ដល់ជូនប័ណ្ណកម្មសិទ្ធិ ឲ្យបានឆាប់នៅពេល ខាងមុខនេះ ប៉ុន្តែសូមស្នើឱ្យ ជំនាញនិងអាជ្ញាធររួមនិង ប្រជាពលរដ្ឋខិតខំ សម្របសម្រួល សហការគ្នាដោះស្រាយ បញ្ចប់បញ្ហាដោយ ភាពទន់ភ្លន់ និងវៃឆ្លាត រដ្ឋក៏ចំណេញ ពលរដ្ឋក៏សប្បាយចិត្ត។

សូមបញ្ជាក់ថា គម្រោងរដ្ឋបាលខេត្តនឹង រៀបចំជាតំបន់បៃតង និងការអភិវឌ្ឍផ្លូវ ឲ្យបានជាប្រយោជន៍ សម្រាប់បម្រើសាធារណៈ និងការទាក់ទាញទេសចរណ៍។ ពិសេសសម្រាប់សួនកំសាន្ត និងការហាត់ ប្រាណដើម្បីសុខភាពរបស់ ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើយកោះ ក្រុងកំពតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *