នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ!

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យ ឃុំខ្លួន លេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា លោក អេដវីន ត្រូវបានសមត្ថកិច្ច នៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹង របស់ភាគីនារីរង គ្រោះជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណី អំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានជនរងគ្រោះ ស្នាក់នៅ ដែលលំនៅដ្ឋាននេះ គឺជាកម្មសិទ្ធិរបស់ ម្តាយបង្កើតជនរងគ្រោះ។

តាមពាក្យបណ្តឹងរបស់ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរាប់ថា នៅឆ្នាំ២០១៤ ខ្លួនបានរៀនចប់អនុ បណ្ឌិតផ្នែកគ្រប់គ្រង។ នៅឆ្នាំ២០១៥ ខ្លួនបានរៀបការជា មួយបុរសម្នាក់ រហូតបានកូនស្រី០២នាក់។  ដោយការរស់នៅមិ នចុះសម្រុងគ្នា នៅឆ្នាំ២០១៨ ខ្លួនបានលែងលះជាមួយប្តី ដោយចែកកូនស្រីម្នាក់មួយ។

នៅឆ្នាំ២០១៩ ខ្លួនបានចាប់ផ្តើមស្គាល់ យិត មាសឧស្សាហ៍ ហៅ អេដវីន ហើយក៏បានស្រឡាញ់គ្នា និង  រស់នៅជាមួយ គ្នាដូចប្តីប្រពន្ធ ដោយស្នាក់នៅ ផ្ទះរបស់ អេដវីន។ ក្នុងអំឡុងពេលរស់ នៅជាមួយគ្នា ពួកខ្លួនតែងតែ ឈ្លោះប្រកែកគ្នាជាញឹកញាប់ ពេលខ្លះ អេដវីន បានប្រើអំពើហិង្សា វាយដំមកលើខ្លួន បណ្តាលឲ្យមាន ស្នាកស្នាមពេញខ្លួនផងដែរ បើសរុបមកដល់ ពេលនេះគឺចំនួន ៧ដងមកហើយ។

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រូបខ្លួន និង អេដវីន បានចែកផ្លូវគ្នា និងលែងរស់នៅជា មួយគ្នាជាបន្តទៀត។ ក្រោយបែកគ្នាបាន ០៣ថ្ងៃ អេដវីន បានបង្ហោះសារជាអក្សរ តាមបណ្តាញសង្គម ថាខ្លួនមានសាហាយ ជាមួយអ្នកផ្សេង និងមានការជេរ ប្រមាថមកលើរូបខ្លួន តែខ្លួនឃើញដូច្នោះ ក៏មិនតបតដែរ។ ក្រោយមកនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខ្លួនបានចូលទៅស្នាក់នៅផ្ទះម្តាយបង្កើត ក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៤និង១០នាទីទាបភ្លឺ  ខ្លួនបានវិលត្រឡប់ ពីផឹកស៊ីជាមួយមិត្តភក្តិ និងបានពឹងមិត្ត ម្នាក់ឈ្មោះ រតនា ជួយជូនខ្លួនមកផ្ទះ ពេលនោះខ្លួនស្រវឹងខ្លាំងពេក ក៏បានចូលដេក ក្នុងបន្ទប់ លុះមួយសន្ទុះ ក្រោយមក ខ្លួនក៏ភ្ញាក់ឡើង ឃើញមិត្តខ្លួនឈ្មោះ រតនា កំពុងតែវាយគ្នា ជាមួយ អេដវីន ហើយ អេដវីន បានអុកឡុកបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ អស់ជាច្រើន។

ដោយមានការ ភ័យស្លន់ស្លោរ មិនដឹងធ្វើយ៉ាងម៉េច ខ្លួនក៏បានបើកឡាន ចេញពីផ្ទះមួយជុំ ក៏ត្រឡប់មកវិញ ឃើញពួកគេទាំង២នាក់ ឈប់វាយគ្នា ខ្លួនក៏ហៅ អេដវីន ឲ្យចូលក្នុងផ្ទះ ស្រាប់តែអេដវីន ទះខ្លួនចំនួន ៣ដៃ ហើយច្រានខ្លួន ដួលទៅលើឥដ្ឋការ៉ូ និងដកយកខ្សែ ក្រវ៉ាត់របស់គាត់ មកវាយលើរូបខ្លួន ជាច្រើនខ្សែក្រវ៉ាត់ ត្រូវចំក្បាល ចំដៃ ចំខ្លួន ចំជើង ធ្វើឲ្យខ្លួនឈឺចុកចាប់ជាខ្លាំង។

ពេលវាយមកលើ ខ្លួនរួចហើយ អេដវីន បានចាប់បង្ខំឲ្យខ្លួនរួមភេទ រហូតបានសម្រេច ទាំងខ្លួនកំពុងមានស្នាមរបួសពេញខ្លួន បន្ទាប់មកចាប់ បោចសក់ខ្លួន អូសចុះពីកាំជណ្តើ ដាក់លើម៉ូតូ ដឹកទៅផ្ទះម្តាយខ្លួន មួយទៀត នៅម្តុំស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដើម្បីឲ្យអ្នកផ្ទះ ខ្លួនបានដឹង។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកនាង សុទ្ធ បញ្ចកា បានចូលដាក់ពាក្យបណ្តឹង នៅកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ប្តឹងលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ថាបានធ្វើសកម្មភាពហិង្សា មកលើខ្លួនប្រាណរបស់អ្នកនាង បណ្តាលមាន របួសស្នាមធ្ងន់ធ្ងរ ថែមទាំងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឲ្យ ខូចខាតអស់មួយចំនួន។

នៅ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក យិត មាសឧស្សាហ៍ ត្រូវបានសមត្ថកិច្ច ជំនាញ នៃការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស ធ្វើការឃាត់ខ្លួន ហើយក្នុងថ្ងៃជាមួយ គ្នានេះផងដែរ អ្នកនាង សុទ្ធ បញ្ចកា ក៏បានប្តូរចិត្តសុំដក ពាក្យបណ្តឹង ឈប់ប្តឹង លោក អេដវីន ដោយមិនទាមទារ សំណងអ្វីទាំងអស់។

ព្រមជាមួយគ្នានោះ ដោយ លោក អេដវីន នៅជាប់បណ្តឹង របស់ ម្តាយបង្កើតអ្នកនាង សុទ្ធ បញ្ចកា ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និងបណ្តឹងរបស់ ឈ្មោះ ហ៊ាង រតនា ពីបទបង្ករបួសស្នាម ផងនោះ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យឈ្មោះ យិត មាសឧស្សាហ៍ ហៅ អេដវីន ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស។

ទោះបីជាយ៉ាងនេះក្តី អ្នកនាង សុទ្ធ បញ្ចកា ក៏មិនបានបញ្ឈប់ នូវបំណងដកពាក្យ បណ្តឹងវិញនោះ ដែរ ដោយអ្នកនាង បានព្យាយាម ស្នើសុំដកពាក្យ បណ្តឹងម្តងហើយម្តងទៀត នៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និង នៅសាលាដំបូង រាជធានីភ្នំពេញផងដែរ។

តែនៅទីបំផុត លោក យិត មាសឧស្សាហ៍ ហៅ អេដវីន នៅតែត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ  សម្រេចដាក់ឱ្យស្ថិត ក្រោមការពិនិត្យ ពីបទ អំពើហិង្សាប្រព្រឹត្ត ដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យ ខូចខាតដោយចេតនា និងសម្រេចឱ្យឃុំខ្លួន ជាបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យ ឃុំខ្លួនលេខ៖ ៤៤៣៥ “ញ”ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ របស់សាលាដំបូង រាជធានីភ្នំពេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *