សំណង់អត់ច្បាប់ រំលោភលើលំនៅដ្ឋានអ្នកដទៃ នៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក
ភ្នំពេញ, សំណង់មួយស្ថិតនៅផ្ទះលេខ ១០៩ ផ្លូវ ៥៧៦ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ត្រូវបានគេរកឃើញថា កំពុងសាងសង់ដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងមានអំពើរំលោភលើលំនៅដ្ឋានអ្នកជិតខាង កសាងដោយមិនខ្លាចច្បាប់ សាងសង់ទៅលើរបងផ្ទះអ្នកដទៃ និងកាត់ដែករបងដើមទៅប្រើដោយគ្មានការយល់ព្រម។

បើយោងតាមការអះអាងរបស់ លោក មៀច ចន្ថា ម្ចាស់ផ្ទះជិតខាង និងជាជនរងគ្រោះបានបញ្ជាក់ថា សំណង់នោះសាងសង់មកលើផ្ទៃដី និងរបងផ្ទះរបស់លោក ដោយមិនបានសុំការអនុញ្ញាតណាមួយ។ លោកចន្ថាបានអំពាវនាវឲ្យម្ចាស់សំណង់ធ្វើការកែតម្រូវ និងសងជូនការខូចខាតទាំងអស់ ដើម្បីជៀសវាងវិវាទច្បាប់ដែលអាចកើតឡើង។
នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ មេភូមិ និងចៅសង្កាត់បឹងកក់ ២ បានចូលទៅត្រួតពិនិត្យនឹងផ្ទៀងផ្ទាត់ករណី។ ក្នុងឱកាសនោះ ម្ចាស់សំណង់បានទទួលស្គាល់ថា មិនបានសុំការអនុញ្ញាតសំណង់ពីអាជ្ញាធរទេ។ លោកចៅសង្កាត់បានបញ្ជាបញ្ឈប់ការសាងសង់ជាបណ្តោះអាសន្ន និងណែនាំឲ្យដោះស្រាយជាមួយម្ចាស់ផ្ទះជិតខាង តាមនិតិវិធីផ្លូវច្បាប់។ ប្រសិនបើមិនអនុវត្តន៍ អាចនឹងប្រឈមនឹងវិធានការរឹតបន្តឹង រួមទាំងការបង្ខំឲ្យរុះរើសំណង់។
ម្ចាស់ផ្ទះជិតខាងបានស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈអភិបាលរាជធានីភ្នំពេញ, មន្ទីរ រៀបចំដែនដី និងសំណង់ រាជធានីភ្នំពេញ មេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច និងអនុវត្តច្បាប់ ដើម្បីស្ដារឡើងវិញនូវសិទ្ធិលើទ្រព្យសម្បត្តិ និងភាពសុខសន្តិភាពរបស់អ្នករងគ្រោះ។
អង្គភាពសារព័ត៌មាន សូមអំពាវនាវទៅកាន់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យចាត់វិធានការដោយស្ថិតស្ថេរ ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋ តាមរយៈនីតិវិធីផ្លូវច្បាប់ និងចូលរួមបង្កើតសង្គមមានសណ្តាប់ធ្នាប់ និងយុត្តិធម៌។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។ ផ្សាយដោយ អង្គភាព ប្រម់ាញ់ជាយដែន tv



Post a Comment