អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! អាជ្ញាធរខេត្តប៉ៃលិន ជួយឱ្យពលករខ្មែរវិលត្រឡប់ពីថៃ ទទួលបានឱកាសការងារល្អជាមួយក្រុមហ៊ុន នៅក្នុងខេត្ត - PMC-News

អាជ្ញាធរខេត្តប៉ៃលិន ជួយឱ្យពលករខ្មែរវិលត្រឡប់ពីថៃ ទទួលបានឱកាសការងារល្អជាមួយក្រុមហ៊ុន នៅក្នុងខេត្ត

ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូប ដែលទើបវិលត្រលប់មកពីប្រទេសថៃ បានទទួលឱកាសការងារល្អនៅក្នុងខេត្តជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផត អ៉ិចផត ខេមបូឌា ឯ.ក ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ឱ្យបងប្អូនពលករខ្មែរ វិលត្រលប់មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងកំពុងនៅរង់ចាំ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នាពេលកន្លងមក ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានសម្រុកធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញយ៉ាងច្រើន ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែនដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

លោកស្រីអភិបាលខេត្ត សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ តាមរយៈ ហ្វេសប៊ុក ផ្លូវការរបស់លោកស្រីបណ្ឌិត បាន ស្រីមុំ បានជូនដំណឹងដល់បងប្អូនកូនក្មួយ ដែលមានបំណងចង់រកការងារធ្វើ សូមទំនាក់ទំនងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីចុះឈ្មោះធ្វើការ ជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផត អ៉ិច ផត ខេមបូឌា ឯ.ក ដែលទីតាំងនៅក្នុងខេត្តប៉ៃលិន ដោយត្រូវការជ្រើសរើសកម្មករកាត់ទងផ្លែមៀនចំនួន ១៨០០នាក់៕ដោយលោក ÷ស សារឿន អង្គភាពប្រម៉ាញ់ជាយដែន tv




Theme images by Radius Images. Powered by Blogger.