អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅកម្ពុជា - PMC-News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា។ ការអំពាវនាវរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ដែលមានទីតាំងនៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ មូលនិធិកុមារកម្ពុជា ក៏ដូចជា អង្គភាពការពារកុមារ ដែលបានចូលរួមក្នុងប្រតិបត្តិការ ថែទាំ គាំពារ និងផ្ដល់ក្ដីសង្ឃឹមដល់កុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា៖ «ខ្ញុំ សូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្ដរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធនាការប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាព នៅទូទាំងប្រទេសកម្ពុជា»។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការមូលនិធិកុមារកម្ពុជា ហើយអង្គភាពការពារកុមារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណង ក្នុងការជ្រោមជ្រែងគ្រប់ជ្រុងជ្រោយ នៅក្នុងការស៊ើបអង្កេត និងកិច្ចគាំពារកុមារងគ្រោះ ដោយសារបទល្មើសបៀតបៀនកេងប្រវ័ញ្ច។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ថែមថា លើសពីនេះ អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ និងបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ សម្រាប់ដឹកនាំអង្គភាព ឱ្យទទួលបានជោគជ័យ៕





Theme images by Radius Images. Powered by Blogger.