រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យ និងសំណេះសំណាល សួរសុខទុក្ខផ្ទាល់ជាមួយពលករខ្មែរ ដែលធ្វើដំណើរចេញ-ចូលប្រទេសថៃ តាមច្រកទ្វាអន្តរជាតិព្រំប៉ៃលិន ខណៈពេលនោះ ក្រុមការងារយុវជន សស យ ក ខេត្តនិងមន្ត្រីរាជការ ,កងកម្លាំងជួយយកចិត្តទុក្ខដាក់ពលករខ្មែរ
ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយក្រុមការងារ បានចុះទៅពិនិត្យស្ថានភាពទូទៅ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឈមនឹងច្រកទ្វារព្រំដែន បាផាកាត់ ស្រុកពោណាមរ៉ង ខេត្តចាន់បុរី ប្រទេសថៃ។

គោលបំណងសំខាន់ នៃការចុះពិនិត្យនេះ គឺដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពពលករខ្មែរ ដែលចេញ-ចូលប្រទេសថៃ ក៏ដូចជាការផ្តល់ការណែនាំ និងស្តាប់បញ្ហាប្រឈមនានា ដែលពួកគាត់(ពលករ) កំពុងជួបប្រទះ។
មានប្រសាសន៍ក្នុងឱកាសនេះ លោក ហេង សួរ បានជួបសំណេះ សំណាលផ្ទាល់ជាមួយពលករខ្មែរជាច្រើនរូប ព្រមទាំងពន្យល់ណែនាំ ដល់ពលករឲ្យស្វែងរកការងារធ្វើក្នុងប្រទេស ពិសេសក្នុងវិស័យឧស្សាហកម្ម សំណង់ និងកសិកម្ម ដែលកំពុងត្រូវការកម្លាំងពលកម្មជាច្រើន។
លោករដ្ឋមន្ត្រី ក៏បានពន្យល់ណែនាំ យ៉ាងលម្អិតអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យពលរដ្ឋស្វែងរកការងារធ្វើក្នុងប្រទេស។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើការងារក្នុងប្រទេសមានអត្ថប្រយោជន៍ជាច្រើន ដូចជា នៅជិតក្រុមគ្រួសារ អាចមើលថែទាំគ្រួសារ និងកូនចៅបានជាប់លាប់, សន្សំសំចៃការចំណាយ កាត់បន្ថយការចំណាយ លើការធ្វើដំណើរ និងការរស់នៅថ្លៃៗ នៅបរទេស, ទទួលបានការការពារ ស្ថិតក្រោមការការពារ ផ្នែកច្បាប់ និងសិទ្ធិការងារពេញលេញ របស់កម្ពុជា។
ក្រៅពីនេះ លោក បានណែនាំពលករឱ្យពិចារណាលើវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលក្រសួង កំពុងផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីបង្កើនសមត្ថភាព និងទទួលបានការងារ ដែលមានប្រាក់ឈ្នួលខ្ពស់នៅក្នុងប្រទេស។
លោក ហេង សួរ ក៏បានណែនាំ ឱ្យពលករទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន ពិសេសនៅពេលធ្វើការងារ ក្នុងបរិយាកាសផ្សេងៗ ហើយរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ចំពោះសុខុមាលភាព និងសុវត្ថិភាព របស់ពលករគ្រប់រូប មិនថាកំពុងធ្វើការនៅទីណានោះទេ។
សូមបញ្ជាក់ថា ដំណើរចុះពិនិត្យនេះដែរ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងការងារ ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ ជាពិសេសពលករដែលបាននិងកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ៕ដោយលោក ស សារឿនអង្គភាព ប្រម៉ាញ់ជាយដែន tv
Post a Comment