អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ (២១មិថុនា ២០០៧-២១មិថុនា ២០២៥) - PMC-News

ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ (២១មិថុនា ២០០៧-២១មិថុនា ២០២៥)

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានរៀបចំប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ (២១មិថុនា ២០០៧ -២១ មិថុនា ២០២៥) ដែលពិធីនេះប្រព្រឹត្តទៅនៅលើដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ធជន នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។


   ឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានគូសបញ្ជាក់អំពីវឌ្ឍនភាពរបស់អតីតយុទ្ធជននៅខេត្តកំពង់ធំ  ក្នុងរយៈពេល១៨ឆ្នាំ កន្លងទៅ ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន​ មានជាអាទិ៍ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៤៥២ខ្នងផ្ទះ ក្នុងនោះ សាងសង់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានា បានចំនួន២៤៦ ខ្នងផ្ទះ និងបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ បានចំនួន២០៦ខ្នងផ្ទះ និងបានសម្បទានដីសង្គមកិច្ចជូនគាត់ចំនួនជាង២៧៦ ហិកតា។ ក្រៅពីនោះបានប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះជូនក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងមួយសពចំនួន ៤លានរៀល សម្រាប់ធ្វើបុណ្យសពបានទាន់ពេលវេលា នឹងបានសហការជាមួយលោកប្រធានសាខាជំនួយមូលនិធិសង្គមខេត្តកំពង់ធំ បើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពបានជាច្រើនសព ព្រមជាមួយនោះ ក៏បាននាំយកស្បៀងអាហារ គ្រឿងឧប ភោគបរិភោគ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងជួយដោះស្រាយដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋានផងដែរ។

   ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត  ប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរចំពោះទិវាអតីតយុទ្ធជនខួបលើកទី១៨ ដែលបានប្រារព្ធធ្វើនៅ ឆ្នាំ២០២៥ និង​ជារៀង​រាល់​ឆ្នាំ​កន្លង​មក​ គឺជាការដឹងគុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ ដោយមានគុណបំណាច់របស់បងប្អូនពូមីងជាវីរៈអតីតយុទ្ធជន ទើបយើងមានអ្វីៗនៅថ្ងៃនេះ។

   ឯកឧត្តម នួន ផារ័ត្ន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គទេសឯក នៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិ ពេញលេញ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំ ជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់អុំ​ ពូ មីង ជាវីរៈអតីតយុទ្ធជន ទាំងការផ្ដល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះសម្បែង និងការដោះស្រាយជីវភាពលំបាកខ្វះខាតផ្សេងៗ តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាពេលកន្លងទៅ។

  នៅក្នុងឱកាសអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា​ ឆ្នាំ​២០២៥​ នៅពេលនេះ  បងប្អូនអតីតយុទ្ធជនចំនួន២០៦គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច នាភូមិអតីតយុទ្ធជននៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោក​ឈុន​ សារ៉ន​ប្រធាន​មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ធំ ផងដែរ៕
ដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែនធីវី





Theme images by Radius Images. Powered by Blogger.