អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! អភិបាលខេត្តប៉ៃលិន ផ្តាំផ្ញើដល់បងប្អូនពលករដែលវិលត្រឡប់មកពីថៃ កុំព្រួយបារម្ភរឿងអត់ការងារធ្វើ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ហើយ - PMC-News

អភិបាលខេត្តប៉ៃលិន ផ្តាំផ្ញើដល់បងប្អូនពលករដែលវិលត្រឡប់មកពីថៃ កុំព្រួយបារម្ភរឿងអត់ការងារធ្វើ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ហើយ

ខេត្តប៉ៃលិន៖ នៅចំពោះមុខបងប្អូនពលករ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។


លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបែបនេះ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វិលត្រលប់ទៅស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងដោយមានការអំពាវនាវពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារ​គ្រប់​គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរ​ឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយ​រកការងារជូនបងប្អូនពលករផងដែរ។

សូមរំលឹកថា៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារ​ក្នុងប្រទេសជូនបងប្អូន​ដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅ​ខ្វះកម្លាំង​ពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការ​ជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍​សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យ​មើលលទ្ធភាព​ក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នក​ដែល​មានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណា​មួយ​ដែលអាចធ្វើទៅបាន។ដោយលោក÷ស សារឿន អង្គភាពប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.