អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ! - PMC-News

ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ!

ថ្វីដ្បិតតែរដ្ឋបាលក្រុងកំពង់សោម មកទល់ពេលឥលូវ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធមន្រ្តីចូលធ្វើការពេញលេញនៅឡើយ ប៉ុន្តែលោកអភិបាលក្រុងបានអះអាងថា ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន តែងជួបប្រជុំគ្នាពិនិត្យការងារសំខាន់ៗមួយចំនួនជាចាំបាច់ ដើម្បីធានាប្រក្រតីភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនៅក្នុងអន្តរកាលនេះ។

លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម មានប្រសាសន៍ថា រដ្ឋបាលក្រុងក៏កំពុងពិនិត្យសិក្សាការលើផែនការអភិវឌ្ឍក្រុងរបស់ខ្លួន និងយកចិត្តទុកដាក់ជុំរុញណែនាំ កងកម្លាំងចំណុះ និងអាជ្ញាធរសង្កាត់ បន្តយកចិត្តទុកដាក់ធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដូចដែលធ្លាប់បានអនុវត្តនាពេលមុនមានការបង្កើតក្រុង ខណៈមន្ត្រីដែលបានរៀបចំស្នើដើម្បីឱ្យបំពេញការងារនៅរដ្ឋបាលក្រុង ក៏ត្រូវបានខ្ចីមកបំរើសេវាជូនពលរដ្ឋជាបន្តបន្ទាប់ហើយ ទោះបីជាមិនទាន់មានសេចក្តីសម្រេចជាផ្លូវការក៏ដោយ។

ក្នុងន័យនេះលោក នួន ប៊ុនថុល បានគូសបញ្ជាក់ថា បើទោះបីជាក្នុងអន្តរកាលមានការលំបាកបន្តិចក៏ពិតមែន មន្ត្រីទាំងអស់បានផ្តោតលើតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងការបញ្ជាដឹកនាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត។

លោកអភិបាលក្រុង បានបន្តទៀតថា ចំពោះសេវាច្រកចេញចូលតែមួយ ដោយសារតែរដ្ឋបាលក្រុងមិនទាន់ដំណើរការពេញលេញ ប៉ុន្តែប្រជាពលរដ្ឋអាចទៅស្នើសុំសេវាក្នុងមូលដ្ឋានស្រុកព្រៃនប់ ពោលគឺនៅពេលដែលរដ្ឋបាលក្រុងកំពង់សោមរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ច្រកចេញចូលតែមួយនឹងបានដំណើរការក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋហើយ។

យោងតាមអនុក្រឹត្យ២០១  ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើង ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ក្រុងកំពង់សោម មានសង្កាត់ចំនួន៥គឺ សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់ បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ៕

ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ
Theme images by Radius Images. Powered by Blogger.