ខេត្តប៉ៃលិន÷នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន តាមរយៈមន្ទីរផែនការខេត្ត បាននាំយកទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យ នៃគម្រោងពន្លឿនការស្តាឡើងវិញ នូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ១៩ របស់រាជរដ្ឋាភិបាល ចែកជូនគ្រួសារក្រីក្រ ចំនួន១៦៤ គ្រួសារ រស់នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីប្រគល់ទ្រព្យសកម្ម និងសម្ភារសុខភាពអនាម័យ នេះ ធ្វើឡើងនៅក្នុងភូមិប៉ាងរលឹម ក្នុងសង្កាត់អូរតាវ៉ៅ ក្រោមអធិបតីភាព លោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន តំណាង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន។

លោកស្រី ឡូយ ឈាង អភិបាល រង ខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើន កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
តាមរយៈគោលនយោបាយនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន តែងតែងបានយកចិត្តទុកដាក់ជំរុញ និងដាក់ផែនការអនុវត្ត យ៉ាងមានប្រសិទ្ធភាព។
ជាក់ស្តែង ការប្រគល់ទ្រព្យសកម្ម និងសម្ភារសុខភាព អនាម័យ ជូនគ្រួសារក្រីក្រ
នាពេលនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តាសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ ក្រោយការបញ្ចប់ទៅ នៃជម្ងឺកូវីដ១៩ ដែលធ្វើអោយប្រជាពលរដ្ឋយើងជួបនូវទុក្ខលំបាក ក្នុងជីវភាពរស់នៅ នាពេលកន្លងមក។
លោកស្រី ឡូញ ឈាង ក៏បានមានប្រសាសន៍ ណែនាំ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមកទទួលនូវសម្ភារៈ កសិកម្ម ពូជមាន់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ ប៉ប៉ន ថែទាំ ធ្វើយ៉ាងណាអោយមាន់ ទាំងអស់មានសុខភាពល្អ បន្តបានមាន់កាន់តែច្រើ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លើកស្ទួយជីវភាពរស់នៅកាន់តែប្រសើឡើង។
សូមបញ្ជាក់ថា៖ បើតាម លោក សយ សារុន ប្រធានផែនការខេត្តប៉ៃលិន បានអោយដឹងថា ទ្រព្យសកម្ម និងសម្ភារសុខភាពអនាម័យ ដែលបានយកមកចែកជូនដល់ប្រជាពលរដ្ឋ ទាំង១៦៤គ្រួសារ នាពេលនេះ រួមមាន ក្នុងមួយគ្រួសារៗ ទទួលបាន មាន់ញី និងមាន់ឈ្មោល សរុបចំនួន២០ក្បាល , ពូជពោត ៧គីឡូក្រាម, ចុងអង្ករ ៧គីឡូក្រាម, ថ្នាំបំប៉ន ១កញ្ចប់ ស្មើ៧គីឡូក្រាម, វ៉ាក់សាំងមាន់១ដប, សំណាញ់ទ្រុងមាន់( ២,៥ម x ១៨ម) ចំនួន២ដុំ, ដើមឬស្សី ឬអាកាស្យា ចំនួន២០ដើម, សង្កសី ១៦សន្លឹក, និង ដែកគោលចំនួន២គីឡូក្រាម ជូនពលរដ្ឋយើង។
អត្ថបទ ដោយ លោក ស សារឿនអង្គភាព ប្រម៉ាញ់ជាយដែន tv news

Post a Comment