អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់ប៉ៃលិន ធ្រៀបចំវេទិកាសាធារណៈជាមួយពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋានក្នុងសង្កាត់ប៉ៃលិន - PMC-News

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់ប៉ៃលិន ធ្រៀបចំវេទិកាសាធារណៈជាមួយពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋានក្នុងសង្កាត់ប៉ៃលិន

ខេត្តប៉ៃលិន÷ព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារ លោកអភិបាលក្រុងប៉ៃលិន ចៅសង្កាត់ប៉ៃលិននិងសមាជិកា និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើវេទិកាសាធារណៈជាមួយពលរដ្ឋដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានទីតងស្ថិតនៅភូមិសួនអំពៅខាងកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

 
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន បានមានប្រសាសន៍ថា៖ វេទិកាសាធារណៈនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋដែលមានកង្វល់ និងបញ្ហាផ្សេងៗនៅក្នុងភូមិ-ឃុំរបស់ខ្លួន ដោយអាចលើកឡើងនូវកង្វល់ សំណើ ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមទាំងអស់នោះ ព្រមទំាងកំណត់វិធានការដោះស្រាយ ឆ្លើយតបនូវតម្រូវការប្រជាពលរដ្ឋបានទាន់ពេលវេលា។

វេទិកាសាធារណៈនេះ បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្ដការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការចុះជួយតម្រង់ទិស គាំទ្រ លើកកម្ពស់ កែលម្អ និងជំរុញការផ្សារភ្ជាប់រវាងការអនុវត្ដយុទ្ធសាស្រ្ដ និងផែនការអភិវឌ្ឍន៍របស់ថ្នាក់ក្រោមជាតិតាមបណ្តាភូមិ ឃុំ និងស្រុក ទៅនឹងរបៀបវារៈនៃការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្ដថ្នាក់ជាតិ ដើម្បីបន្ដលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ការបន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសន្ដិភាព និងសុវត្ថិភាព ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់។

ក្នុងអង្គវេទិកាសាធារណៈនេះដែរ ក៏មានប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនដែលជាតម្រូវការចាំបាច់ក្នុងភូមិ និងសង្កាត់ រួមមាន ការស្ថាបនាផ្លូវចាំបាច់សម្រាប់ធ្វើដំណើរនិងដឹកកសិផលនៅតាមមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ, បញ្ហាកង្វះបណ្តាញទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋមួយចំនួនដែលនៅភូមិសួនអំពៅលិច សួនអំពៅកើត ភូមិតាង៉ែនលើស្រែត្នោត ភូមិទឹកថ្លានិងភូមិមួយចំនួនទៀត, បញ្ហាការតបណ្តាញអគ្គីសនីប្រើប្រាស់ក្នុងមូលដ្ឋានសង្កាត់ប៉ៃលិនមួយចំនួនតូចមិនទាន់គ្រប់គ្រាន់, បញ្ហារថយន្តដឹកទំនិញធំៗបើកបរក្នុងលឿនតាមបណ្តោយផ្លូវវាងក្រុង និងបញ្ហាផ្សេងៗមួយចំនួនទៀត។

តាមរយៈវេទិកាសាធារណៈនេះដែរ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន  បានទទួលយកសំណើ សំណូមពររបស់ប្រជាពលរដ្ឋ បានណែនាំក្រុមការងារត្រូវចុះពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងការផ្តល់នូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានខ្ជាប់ខ្ជួន និងបន្តស្តាប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តពង្រឹងសន្តិសុខ សុវត្ថិភាព តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋឲ្យបានជាអតិប្បរមា៕ អត្ថបទ÷ កុល កាយណា សម្រួលដោយ ÷អត្ថបទ ដោយ÷ស សារឿន អង្គភាពប្រមាញ់ជាយដែន ធីវី ញូ




Theme images by Radius Images. Powered by Blogger.