អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៩ អណត្តិទី៤ - PMC-News

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៩ អណត្តិទី៤

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច​ប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក​ទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ​ប្រចាំ​ខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន ៣-បញ្ហាផ្សេងៗ ។ ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត​ បាន ស្រីមុំ បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/​ស្រុក ត្រូវមើលឡើង​វិញ​នូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតប​ទៅ​នឹងតម្រូវ​ការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការកាត់បន្ថយភាពក្រីក្រ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និង​កងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុស​ត្រូវខ្ពស់​ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់​ទេសចរណ៍​ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន បរិវេណវិមានឯករាជ្យ និងផ្សារព្រំ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង​ប្រដាប់​អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេស​បាន​ចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបាន​កសាង​​សមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីក​ចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា .។
មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន បានមានប្រសាសន៍​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ បានខិតខំប្រឹងប្រែង​ធ្វើ​ការដោះ​ស្រាយនូវ​រាល់​បញ្ហា​នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល​នយោបាយភូមិ/ឃុំ​មានសុវត្តិភាព នៅតាម​មូលដ្ឋានប្រកប​ដោយ​​ប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត​បន្ទាប់​គួរជាទីមោទន ជាក់​ស្តែងការរៀបចំ​សោភ័ណ្ឌ​ភាព​​ខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត ​មាន​ការស្ងើច​សសើរ​មិន​ដាច់ពីមាត់ ចំពោះការ​កែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និង​សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្ត​ទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ​សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស​ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​អាណត្តិទី៧ នេះ ៕ ដោយលោក ស.សារឿន អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនធីវី








Theme images by Radius Images. Powered by Blogger.