អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ចៅក្រមចិត្តធម៌‌ ពេជ ម៉ារ៉ែន មិនមែនទើបតែជួយឃាតករម្នាក់ឱ្យចេញពីគុកមុនថ្ងៃកំណត់នៅខេត្តតាកែវនោះទេ តែលោកស្រីធ្លាប់បានចូលរួមផ្តល់ក្តីមេត្តាដល់ស្ត្រីឃាតករ ដែលរួមដៃគ្នាសម្លាប់សង្សារនៅខេត្តកណ្ដាល ម្នាក់ផងដែរ - PMC-News

ចៅក្រមចិត្តធម៌‌ ពេជ ម៉ារ៉ែន មិនមែនទើបតែជួយឃាតករម្នាក់ឱ្យចេញពីគុកមុនថ្ងៃកំណត់នៅខេត្តតាកែវនោះទេ តែលោកស្រីធ្លាប់បានចូលរួមផ្តល់ក្តីមេត្តាដល់ស្ត្រីឃាតករ ដែលរួមដៃគ្នាសម្លាប់សង្សារនៅខេត្តកណ្ដាល ម្នាក់ផងដែរ

 (ភ្នំពេញ)៖ លោកស្រី ពេជ ម៉ារ៉ែន អតីតប្រធានសាលាដំបូងខេត្តតាកែវ  និងបច្ចុប្បន្នជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ  ដែលទើបត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់ពិន័យដកតំណែងដោយបង្ខំ   ដោយសារតែហ៊ានសម្រេចដោះលែងទណ្ឌិតក្នុងអំពើឃាតកម្មឱ្យមានសេរីភាពដោយខុសនីតិវិធីច្បាប់។


ឥឡូវនេះ! លោកស្រី ពេជ ម៉ារ៉ែន  ក៏ត្រូវបានគេទម្លាយពីភាពមិនប្រក្រតីមួយផ្សេងទៀតក្នុងការចូលរួមសម្រេចសេចក្តីលើសំណុំរឿងឃាតករកម្មគិតជាមុន  នៅគ្រាដែលលោកស្រីនៅជាអនុប្រធានសាលាដំបូងខេត្តកណ្ដាលកាលពីអំឡុងឆ្នាំ២០១៩។

យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ តុលាការខេត្តកណ្ដាល ដែលមានសមាសភាព៖

-លោក សាយ សម្ផស្សសេរី, លោក ងួន វុទ្ធី និងលោកស្រី ពេជ ម៉ារ៉ែន ជាក្រុមប្រឹក្សាជំនុំជម្រះ ដោយមានលោក ឯក ស៊ុនរស្មី ជាតំណាងអយ្យការ  បានបើកសវនាការកាត់ទោសជនជាប់ចោទចំនួន ៣នាក់ ជាសាធារណៈក្នុងសំណុំរឿងឃាតកម្មគិតជាមុន។ 

នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៤១២ អ.ក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកណ្ដាល  មានជនរងគ្រោះឈ្មោះ សោ សុជាតិ (ហៅជ័រ)  រស់នៅភូមិពោធិ៍រៀងត្បូង  ឃុំពោធិ៍រៀង  ស្រុកពោធិ៍រៀង ខេត្តព្រៃវែង  ដែលត្រូវក្រុមជនជាប់ចោទចំនួន ៣នាក់  រៀបចំគម្រោងផែនការទុកជាមុនបោកបញ្ឆោតយកទៅបាញ់សម្លាប់ចោល កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នេះចំណុច  ភូមិក្បាលដំរី  ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាលខាងលើបានប្រកាសសាលក្រមលេខ ៤៧ ឈ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ៖

-ទី១ឈ្មោះ ខេង ឡា ភេទស្រី ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ  ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ ទោសនៅសល់ត្រូវព្យួរធម្មតា ពីបទ  ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ 

-ទី២ឈ្មោះ ហ៊ាត ប៊ុនហ៊ាន{ ហៅ ស} ភេទប្រុស  ដាក់ពន្ធនាគារកំណត់រយៈពេល ៣០ឆ្នាំ ពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

-និងទី៣ឈ្មោះ ហ៊ាប ធី ភេទប្រុស ដាក់ពន្ធនាគារកំណត់រយៈពេល ៣០ឆ្នាំ ពីបទ ឃាតកម្មគិតទុកជាមុន។

សារព័ត៌មានក្នុងស្រុកសរសេរថា  ការសម្រេចសេចក្តីរបស់ក្រុមប្រឹក្សាជំនុំជម្រះខាងលើគឺធ្វើឡើងដោយកំបាំងមុខដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ភាន សុភ័ណ្ឌ ដែលជាប្រពន្ធរបស់ជនរងគ្រោះ។ 

លោកស្រី ភាន សុភ័ណ្ឌ  បានប្រាប់កាសែតក្នុងស្រុកថា វាជារឿងអយុត្តិធម៌ចំពោះលោកស្រី  ដែលប្តីត្រូវក្រុមឃាតកររៀបចំគម្រោងបាញ់សម្លាប់ចោល  ប៉ុន្តែអ្នកផ្ដើមគំនិតត្រូវជាប់គុកត្រឹមតែ ១ឆ្នាំកន្លះ បែរជាចេញពីគុកវិញ  ហើយតុលាការក៏មិនបានគិតគូរពីសំណងជំងឺចិត្តដល់លោកស្រីដែលជាដើមបណ្ដឹងឡើយ។ ជាមួយគ្នានោះ  ម៉ូតូដែលប្ដីលោកស្រី ជិះទៅកន្លែងកើតហេតុក៏តុលាការមិនបានសម្រេចប្រគល់ជូនលោកស្រីជាប្រពន្ធរបស់ជនរងគ្រោះនោះទេ។ 

ជុំវិញករណីមានការចេញផ្សាយខាងលើ អ្នកសារព័ត៌មាន  បានព្យាយាមសុំការបញ្ជាក់ពី លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌  តាមរយៈបណ្ដាញសង្គមតេឡេក្រាម ប៉ុន្តែលោកទទួលសំនួរហើយ  នៅមិនទាន់ឆ្លើយតបនៅឡើយទេ។ 

បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកបន្ថែមថា  បច្ចុប្បន្នសំណុំរឿងឃាតកម្មគិតទុកជាមុន  មួយនេះកំពុងស្ថិតក្រោមចំណាត់ការរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដោយសារតែជនជាប់ចោទឈ្មោះ ហ៊ាត ប៊ុនហ៊ាន (ហៅ ស) និង  ឈ្មោះ ហ៊ាប ធី ប្ដឹងទាស់នឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល។ 

ដោយឡែកជនជាប់ចោទឈ្មោះ ខេង ឡា ភេទស្រី ដែលត្រូវក្រុមប្រឹក្សាជំនុំជម្រះខេត្តកណ្ដាលសម្រេចផ្តន្ទាទោសដាក់គុក ២ឆ្នាំ និងអនុវត្តទោស១ឆ្នាំ៦ខែ  ត្រូវបានអនុវត្តទោសចប់សព្វគ្រប់  និងចេញពីពន្ធនាគារបាត់ទៅហើយ។ 

យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា  បទល្មើសឃាតកម្មគិតទុកជាមុន  ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ 

ប៉ុន្តែសំណុំរឿងមួយនេះ  ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល  សម្រេចផ្តន្ទាទោសជនជាប់ចោទប្រកបដោយក្តីមេត្តាបំផុត ដោយដាក់ទោសអ្នកផ្ដើមគំនិតសម្លាប់មនុស្សគិតទុកជាមុនត្រឹមតែ ២ឆ្នាំ  ហើយអនុវត្តទោសតែ១ឆ្នាំកន្លះនៅក្នុងគុង  រួចក៏បានចេញពីគុកយ៉ាងស្រួលៗ។ 

ក្រុមអ្នកច្បាប់មួយចំនួន  បានលើកឡើងជា ចម្ងល់ថា តើហេតុអ្វីជនជាប់ចោទ ៣នាក់ ក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុនដូចគ្នា ទទួលបានការសណ្ដោសប្រណីក្តីមេត្តាពីចៅក្រមមិនដូចគ្នា? 

សំនួរមួយទៀតរបស់អ្នកច្បាប់!  ចុះតំណាងអយ្យការក្នុងសំណុំរឿង  និងព្រះរាជអាជ្ញាខេត្តកណ្ដាល ដែលជាដើមបណ្ដឹងអាជ្ញា  ការពារប្រយោជន៍សាធារណៈរបស់រដ្ឋ  និងប្រយោជន៍ប្រជាពលរដ្ឋ  ហេតុអ្វីក៏មិនប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួនដែលច្បាប់បានប្រគល់ឱ្យ ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ?បែរជាបណ្ដែតបណ្ដោយឱ្យចៅក្រមសម្រេចសេចក្តីផ្តល់ស្ថានសម្រាលទោសដល់ឃាតករយ៉ាងទាបបំផុតប្រាសចាកពីខ្លឹមសាររបស់ច្បាប់តាមតែអំពើចិត្តបែបនេះ?

ទោះជាយ៉ាងណា  សំនួរទាំងអស់ខាងលើរបស់អ្នកច្បាប់  គ្រាន់តែជាសំនួរដែលគ្មានចម្លើយតែប៉ុណ្ណោះ  អ្វីដែលជាក្តីសង្ឃឹមរបស់ដើមបណ្ដឹងរដ្ឋប្បវេណី  និងជនជាប់ចោទដែលមិនទទួលបានស្ថានសម្រាលទោសនោះ គឺការបើកការស៊ើបអង្កេតស្រាវជ្រាវរបស់ក្រសួងយុត្តិធម៌  និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម  ដែលជាស្ថាប័នអាណាព្យាបាលរបស់សាលាដំបូងរាជធានី-ខេត្ត៕




Theme images by Radius Images. Powered by Blogger.