អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រសួងមហាផ្ទៃ សម្រេចដកហូតតំណែងអធិការនគរបាលស្រុកស្វាយទាប និងដាក់ពិន័យលើអធិការរងម្នាក់ និងនាយរងផ្នែក ២នាក់ទៀត ព្រោះតែប្រព្រឹត្តអំពើ   ពុករលួយ - PMC-News

ក្រសួងមហាផ្ទៃ សម្រេចដកហូតតំណែងអធិការនគរបាលស្រុកស្វាយទាប និងដាក់ពិន័យលើអធិការរងម្នាក់ និងនាយរងផ្នែក ២នាក់ទៀត ព្រោះតែប្រព្រឹត្តអំពើ   ពុករលួយ

 (ស្វាយរៀង)៖ ក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ភារកិច្ចជូន   អគ្គស្នងការនគរបាលជាតិ   ដើម្បីអនុវត្តវិន័យលើមន្ត្រីនគរបាលចំនួន ៤រូប   នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប   ខេត្តស្វាយរៀង។


 

នេះបើតាម សេចក្តីជូនដំណឹងលេខ ៥២២ ស.ជ.ណ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ 

នៅក្នុង ស.ជ.ណ របស់ក្រសួងមហាផ្ទៃ បានសម្រេចឱ្យដកហូតតួនាទីលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប  និងបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់។ 

ជាមួយគ្នានោះ  ក្រសួងមហាផ្ទៃក៏បានសម្រេច ដាក់ពិន័យលើ  លោកវរសេនីយ៍ត្រី វ៉ា សំណាង  អធិការ រងផ្នែកនគរបាលយុត្តិធម៌, លោកអនុសេនីយ៍ឯក ផាត់ ផល នាយរង ផ្នែកអន្តោប្រវេសន៍   និង  លោកអនុសេនីយ៍ឯក កឹម ស៊ីថុន នាយរងផ្នែកយុត្តិធម៌  នៃអធិការដ្ឋានគនរបាលស្រុកស្វាយទាប   តាមរូបភាពព្រមានជាលាយលក្ខណ៍អក្សរលើកទី១។

ការសម្រេចដាក់ពិន័យលើមន្ត្រីនគរបាលស្រុកស្វាយទាបទាំង ៤នាក់  ខាងលើ   បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃរកឃើញថា បានសមគំនិតគ្នាលួចលក់វត្ថុតាង   នៃបទល្មើសចរាចរណ៍   រួមមានឡានកាម៉ារីឆ្លាម ១គ្រឿង និងគោយន្តកន្ត្រៃ ១គ្រឿង។

ជាមួយគ្នានោះ មន្ត្រីទាំង៤នាក់ខាងលើ បានតម្រូវឱ្យមន្ត្រីនគរបាលក្រោមឱវាទបង់ប្រាក់ចំនួន ៥០០ដុល្លារ   ជាថ្នូរនឹងការតែងតាំងមុខតំណែង   និងដំឡើងឋានន្តរស័ក្តិ។

ជាងនេះទៅទៀត   មន្ត្រីទាំង ៤នាក់នេះ   

បានបង្គាប់ឱ្យអាណាព្យាបាលជនសង្ស័យគ្រឿងញៀន   បង់ប្រាក់ឱ្យពួកគេក្នុងម្នាក់ៗ ២០០ដុល្លារ    ជាថ្នូរនឹងការដោះលែង។ 

ដោយឡែកលោកអធិការ   និង មន្ត្រីរបស់លោកទាំង៣នាក់   បានបង្ខំមន្ត្រីក្រោមឱវាទបង់ប្រាក់ចំនួន ៤០០ដុល្លារ   ក្នុងមួយបន្ទប់ដើម្បីអាចបានចូលបម្រើការងារនៅក្នុងអគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប។

រឿងដែលកាន់តែធ្ងន់ធ្ងរនោះ   គឺលោកអធិការ បានទទួលប្រាក់ចំនួន ៥០០០ដុល្លារ   ជាថ្នូរនឹងការដោះលែងជនជាតិបង់ក្លាដេសដែលបានឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា។

សូមជម្រាបជូនថា   ការបើកស៊ើបអង្កេត  និងស្រាវជ្រាវរកឃើញកំហុសរបស់មន្ត្រីនគរបាលស្រុកស្វាយទាបទាំង ៤នាក់ខាងលើ  

បានធ្វើឡើងតាមបណ្ដឹងរបស់មន្ត្រីនគរបាលស្រុកស្វាយទាបចំនួន ២៤រូប  ដែលបានដាក់ជូនក្រសួងមហាផ្ទៃកាលតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Bong Vy ដែលបានដាក់ជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៕




Theme images by Radius Images. Powered by Blogger.