ព្រះគ្រូចៅអធិការវត្តថ្មរមៀល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ជំទាវ កែ សួនសុភី មកចែកជូនដល់កម្លាំងនគរបាលដែលបានចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃ នៅជើងភ្នំដងរែក
បន្ទាយមានជ័យ: នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ព្រះខេមញាណ រ៉េន ស៊ីណាត ព្រះគ្រូចៅអធិការ វត្តថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ជំទាវ កែ សួនសុភី មកចែកជូនដល់កម្លាំងនគរបាលដែលបានចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃ នៅជើងភ្នំដងរែក ទប់ស្កាត់ការឆេះរាលដាលដល់ផ្ទះអ្នកភូមិ និងវត្តអារាម។
អំណោយដែលទទួលបានរួមមាន: អង្គរ ចំនួន ០២ តោន, ទឹកត្រី ចំនួន ៤៤ យូរ, ទឹកស៊ីអ៊ីវ ចំនួន ៤៤ យូរ, ត្រីខ ចំនួន ១០ កេសធំ, មី ចំនួន ៤៤ កេសតូច, ទឹកក្រូចកូកាកូឡា ចំនួន ៤៤ កេសតូច, ទឹកបរិសុទ្ធកម្ពុជា ចំនួន ៤៤ កេស។
គួរបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥កន្លងទៅ មានករណីភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅជើងភ្នំដងរ៉ែក ខាងលិច វត្តគិរីរុក្ខារាមថ្មរមៀល ស្ថិតក្នុងភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ លោកអធិការនគរបាលស្រុកថ្មពួក ដឹកនាំកម្លាំងនិយាយច្រើនរូប និងនាំយករថយន្តទឹក សហការជាមួយកម្លាំងកង់រាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ធ្វើការពន្លត់ទប់ស្កាត់ការឆេះរាលដាលរហូតរលត់ជោគជ័យ និងគ្រប់គ្រងបាន 100%៕
Post a Comment