អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម! - PMC-News

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រើនរម្លឹកកុមារ កុំឱ្យទទួលទានភេសជ្ជៈកំប៉ុងមានរសជាតិផ្អែមពេក ចៀសវាងកើតជំងឺទឹកនោមផ្អែម!

ពិធីពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញសេចក្តីបារម្ភចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺ កុមារ ដែលជាទំពាំងស្នងឫស្សី មានអាយុក្រោម ១២ឆ្នាំ ដែលចូលចិត្តទទួលទានភេសជ្ជៈកំប៉ុងមានផ្ទុកសារធាតុស្កររសជាតិផ្អែមខ្ពស់ បង្កឱ្យកើតជំងឺទឹកនោមផ្អែម នាពេលអនាគត។

ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញកុមារភាគច្រើន អាចប្រឈមមុខនឹងការកើតជំងឺទឹកនោមខ្ពស់ ដោយសារពួកគេ ចូលចិត្តទទួលទានភេសជ្ជៈ និងអាហារដែលមានផ្ទុកសារធាតុស្ករខ្ពស់ ដែលមានដាក់លក់នៅក្នុងបរិវេណសាលារៀននានា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ប្រសិនបើកុមារអាយុក្រោម ១២ឆ្នាំទាំងអស់ ពុំយល់ដឹង ពុំផ្លាស់ប្តូរទម្លាប់ហូបចុក រសជាតិផ្អែម ដូចពេលបច្ចុប្បន្ននេះទេ នៅពេលពួកគេឈាន ឡើងដល់អាយុចន្លោះ ពី ២២ ដល់ ២៥ឆ្នាំ ស្មើនឹង ១ ភាគ ៣ អាចមានហានិភ័យខ្ពស់ កា្លយជាអ្នកជំងឺទឹកនោមផ្អែម ដែលមានលក្ខណៈយូរអង្វែង ដាក់បន្ទុកសេដ្ឋកិច្ចធ្លាក់លើគ្រួសារ និងសង្គមជាតិទាំងមូល។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានក្រើនរម្លឹកដល់ឳពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេសនាយកសាលា នាយិកា ដែលជាគណៈគ្រប់គ្រង ឱ្យជួយអប់រំណែនាំ ពីប៉ះពាល់ទឹកផ្អែមដល់ កុមារ ក្នុងម៉ោងសិក្សា ស្របតាមវិធានការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កន្លងទៅ ដើម្បីឱ្យកុមារ មានការយល់ដឹង ចៀសវាងក្លាយជាអ្នកជំងឺទឹកនោមផ្អែម។

ក្រៅពីសារក្រើនរម្លឹកខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំសារជាថ្មី ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ឱ្យចូលរួមសហការរាយការណ៍ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និងគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសន្តិសុខ សុវត្ថិភាព ផ្តល់សេចក្តីសុខក្សេមក្សាន្តក្នុងគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា កម្លាំងកាយចិត្ត រៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីធានាលើកកម្ពស់ស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕











Theme images by Radius Images. Powered by Blogger.