រដ្ឋបាលខេត្តប៉ៃលិន រៀបចំតុបតែងក្នុងក្រុង ត្រៀមសង្ក្រាន្តឆ្នាំថ្មរដ្ឋបាលខេត្ត និងមន្ទីរជំនាញមួយចំនួន បាននាំគ្នារៀបចំតុបតែង នៅតាមដងផ្លូវសាធារណៈ ក្នុងក្រុងប៉ៃលិន…

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ គេសង្កេតឃើញក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរជំនាញមួយចំនួន បាននាំគ្នារៀបចំតុបតែង នៅតាមដងផ្លូវសាធារណៈ ក្នុងក្រុងប៉ៃលិន ដោយមានចងបដា ដាក់ភ្លើងអគ្គិនី ជាផ្កាភ្ញី ជាពិសេសមានចងក្រម៉ា និងមួកស្លឹកត្នោត នៅក្បែរសួនកុមារ ដើម្បីត្រៀមទុកលេង នាឱកាសសង្ក្រាន្តឆ្នាំថ្មី បង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនផ្ទាល់ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន ផងដែរ ។

មន្ត្រីសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ដោយសារតែឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែកៀកខិតជិតមកដល់ ទើបក្រុមការងារ ទទួលបានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឱ្យញាប់ប្រញាល់រៀបចំតុបតែង ចងស្លាកបដា និងពាក្យប៉ាណូ រៀបចំភ្លើងអំពូលជាផ្កាភ្ញី ព្រមទាំងមានរៀបចំ ដើមឫស្សី និងមួកស្លឹកត្នោត ដើម្បីជាក្បាច់ម៉ូដ សម្រាប់ទាក់ទាញឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនផ្ទាល់ និងភ្ញៀវទេសចរជាតិ អន្តរជាតិ នាំគ្នាមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករជាងឆ្នាំមុនៗ ។

ម្យ៉ាងវិញទៀត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន ដូចជារមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានគល់ស្ពានតារាប និងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ រដ្ឋបាលខេត្តប៉ៃលិន ក៏បានចាប់ផ្តើមណែនាំឱ្យមន្ត្រីក្រោមឱវាទ នាំគ្នាញាប់ដៃញាប់ជើង រួសរាន់រៀបចំតុបតែង ដើម្បីទទួលភ្ញៀវឱ្យចូលមកលេង ធ្វើការទាក់ទាំញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈពេលដែលចូលមកលេងកម្សាន្ត ក្នុងខេត្តប៉ៃលិន។ នៅក្នុងខេត្តប៉ៃលិន នឹងរៀបចំសង្ក្រាន្ត ដើម្បីញ៉ាំងឱ្យមានភាពសប្បាយរីករាយ មានការរាំលេងកម្សាន្ត លេងល្បែងប្រជាប្រីយ ចោលឈូង បោះអង្គញ់ លាក់កន្សែង វាយក្អមឆ្នាំដីជាដើម។ លើសពីនេះ រដ្ឋបាលខេត្តប៉ៃលិន ក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាថែរក្សាអនាម័យ បោសសម្អាតនៅតាមទីធ្លាមុខផ្ទះឱ្យបានស្អាតល្អ ដើម្បីឱ្យមានសោភ័ណភាព ក៏ដូចជាបរិស្ថានល្អផងដែរ ។

រីឯប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ក៏នាំគ្នាលើកឡើងថា នៅឆ្នាំថ្មីនេះ សង្ក្រាន្ត ឆ្នាំ២០២៤ នៅក្នុងខេត្តប៉ៃលិន ដឹងតែសប្បាយ រីករាយហើយ ព្រោះសង្កេតឃើញអាជ្ញាធរក្រុង ខេត្តបានញាប់ដៃញាប់ជើង នាំគ្នារៀបចំតុបតែងស្ទើរគ្រប់ទីកន្លែងនៅក្នុងក្រុង ហើយពួកគាត់ក៏ប្រាប់ដល់បងប្អូនរបស់ខ្លួន ដែលរស់នៅក្នុងខេត្តផ្សេងៗ កុំភ្លេចនាំគ្នាចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆាប់ៗខាងមុខននេះ។ដ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *